ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣រួច សូមរួសរាន់មចាក់វ៉ាក់សាំងដូសទី៤ ដែលគិតមកដល់ព្រឹកនេះ មានពលរដ្ឋដែលបានទទួលវ៉ាក់សាំងដូសទី៤រួច បានចំនួនតែ៧៥ភាគរយ។
ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានបន្តទៀតថា សព្វថ្ងៃប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ អាយុចាប់ពី១៨ឆ្នាំឡើង បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ បានចំនួន១២១% និងដូសជំរុញទី៤ បានចំនួន៧៥% ដូចនេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បន្ថែមនូវដូសជំរុញទី៤ ឲ្យបានគ្រប់ចំនួនតាមកាលកំណត់របស់ក្រសួងសុខាភិបាល។
ឯកឧត្តម ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា កុមារអាយុ៦ឆ្នាំ រហូតដល់ក្រោម១២ឆ្នាំ បានមកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ បានចំនួន១១១% រីឯដូសទី៣ ទើបតែបានចំនួន៦៣%។
សូមឲ្យសិស្សានុសិស្សអាយុ៦ឆ្នាំ រហូតដល់ក្រោម១២ឆ្នាំទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ សូមរួសរាន់មកចាក់វ៉ាក់សាំងដូសទី៣ ឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ ទប់ទល់នឹងមេរោគកូវីដ-១៩ ដែលនៅជិតផ្ទះបងប្អូនប្រជាពលរដ្ឋរស់នៅ និងមនី្ទរពេទ្យបង្អែក និងមណ្ឌលសុខភាព ជាង៤០ទីតាំង៕
អត្ថបទ៖រដ្ឋា