កណ្ដាល៖ ពលរដ្ឋបន្តនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសជម្រុញជាហូរហែរៀងរាល់ថ្ងៃ ទោះបីពុំមានករណីឆ្លងរាតត្បាតថ្មីនៃមេរោគកូវីដ១៩យ៉ាងណាក៏ដោយ។
ប្រជាពលរដ្ឋមួយចំនួន ក្រុងតាខ្មៅ ជាប់ជាយរាជធានីភ្នំពេញ ថ្លែងនៅថ្ងៃទី៣១ ខែឧសភានេះថា ដោយសារការគិតគូរដ៏ត្រឹមត្រូវរបស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងការរូតរះស្វែងរកវ៉ាក់សាំងកូវីដ១៩ មកចាក់ស្រោចជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ទើបធ្វើអោយស្ថានការណ៍ការរាតត្បាតមេរោគកូវីដ១៩ ការស្លាប់និងការឆ្លងថ្មីធ្លាក់ដល់ចំណុចសូន្យ និងបានអនុញាតអោយប្រជាពលរដ្ឋចេញប្រកបរបរអាជីវកម្ម ធ្វើការជួបជុំដោយសេរី និងអាចចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ប្រកបដោយសុវត្ថិភាព និងមានភាពសប្បាយរីករាយ។
បើតាមវេជ្ជបណ្ឌិត លី មករា ប្រធានមន្ទីរពេទ្យជ័យជំនះ បានថ្លែងថា ទោះយ៉ាងណាក៏ដោយ សម្រាប់បណ្តាពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន២ដូសរួចហើយ ក្នុងរយៈពេល៤ខែ ទៅ៦ខែបន្ទាប់ វ៉ាក់សាំងកូវីដ១៩ដែលបានចាក់នៅក្នុងខ្លួនយើង គឺវានឹងធ្វើការថមថយប្រសិទ្ធភាពប្រព័ន្ធភាពស៊ាំនៅក្នុងយើងខ្លួន ដែលបញ្ហានេះ គឺទាមទារឱ្យបណ្តាពលរដ្ឋដែលបានចាក់វ៉ាក់សាំងបានចំនួន២ដូស ឬ៣ដូស ឬ៤ដូសរួចហើយ ត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងដូសជម្រុញម្តងទៀតនៅខែទី៤ ក្រោយការចាក់។
សូមបញ្ជាក់ថា គ្រប់បណ្តាមន្ទីរពេទ្យ និងគោលដៅចាក់វ៉ាក់សាំងការពារកូវីដ១៩ទាំងអស់នៅទូទាំងខេត្តកណ្តាល នឹង ផ្អាកការចាក់វ៉ាក់សាំងកូវីដ ១៩ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមិថុនានេះ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ឱ្យទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ខាងមុខនេះ តាមការសេចក្តីជូនដំណឹងរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ នៃក្រសួងសុខាភិបាល៕អត្ថបទ៖ ស៊ុម សុខជា