ស្ទឹងត្រែង ៖ សកម្មភាពជួញដូរសត្វជ្រូកឆ្លងដែនពីប្រទេសឡាវ តាមច្រកព្រំដែន វឺនខាម ចំណុចដើមល្វា ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះបង្ក្រាបបាន ក្នុងភូមិលើ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កាលពីយប់ថ្ងៃទី២៣ ខែមិនា ម្សិលមិញនេះ ។
ពាក់ព័ន្ធករណីចុះបង្ក្រាបសត្វជ្រូកឆ្លងដែនពីប្រទេសឡាវខាងលើនេះ ត្រូវបាន លោក តាន់ ផាន់ណារ៉ា អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានឲ្យដឹងថា សត្វជ្រូកដែលក្រុមឈ្មួញធ្វើសកម្មភាពដឹកឆ្លងដែនពីឡាវ ចូលតាមច្រកល្បៀង ចំណុចដើមល្វា រវាងព្រំដែនកម្ពុជា ឡាវ គឺគ្មានច្បាប់នោះទេ។
លោក អគ្គនាយកដ្ឋានសុខភាពសត្វ បន្តឲ្យដឹងទៀតថា តាមការស្រាវជ្រាវរបស់ក្រុមការងារ ជ្រូកទាំងអស់នេះ គេបាននាំចូលពីប្រទេសថៃ រួចឆ្លងដែនចូលប្រទេសឡាវ ហើយបន្ដឆ្លងដែនមកទឹកដីកម្ពុជា តាមច្រកល្បៀងប៉ុស្តិ៍ទឹក ក្នុងចំណុចដើមល្វា ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ របស់ខេត្តស្ទឹងត្រែង ហើយសត្វជ្រូកដែលក្រុមឈ្មួញ បាននាំយកមកនេះ ទី១ មិនមានមានច្បាប់ទម្លាប់ត្រឹមត្រូវ មានតែលិខិតរបស់ខេត្ត អនុញ្ញាតឲ្យដឹកជញ្ជូនក្នុងស្រុកតែប៉ុណ្ណោះ តែក្រុមឈ្មួញ បែរជាដឹកជ្រូកឆ្លងដែនពីក្រៅប្រទេស ហើយមិនមានមន្ត្រី បសុពេទ្យខេត្តចុះបូមឈាមពិនិត្យនិងធ្វើចត្តាឡីស័ក នោះឡើយ។
លោក តាន់ ផាន់ណារ៉ា បានបញ្ជាក់ថា បច្ចុប្បន្ន សត្វជ្រូកនេះ ត្រូវបានគេរកឃើញមានកើតជំងឺ ប៉េសអាហ្វ្រិក នៅក្នុងប្រទេសថៃ យ៉ាងច្រើន តែក្រុមឈ្មួញបែរជានាំចូលសត្វជ្រូកពីប្រទេសថៃឆ្លងចូលមកកម្ពុជា ហើយលក់ចែកចាយក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ យ៉ាងអានាធិបតេយ្យ ដោយអាជ្ញាធរ និងសមត្ថកិច្ចក្នុងតំបន់គ្មាន វិធានការក្នុងការទប់ស្កាត់ ឬ ចុះពិនិត្យឲ្យបានត្រឹមត្រូវ នោះទេ។
ជុំវិញការឃាត់រថយន្ដដឹកជ្រូកខាងលើនេះ ត្រូវបាន លោក ចិត្រ ដែលជាអ្នករត់ការនាំជ្រូកឆ្លងដែនចេញពីប្រទេសឡាវ តាមច្រកព្រំដែន ចំណុចដើមល្វា បានឲ្យដឹងថា ការដែលគាត់នាំជ្រូកនេះ គឺគាត់មានច្បាប់ ហើយសត្វជ្រូកទាំងអស់ ត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីខាងសមត្ថកិច្ចរបស់ភាគីឡាវ ទើបគាត់អាចនាំចូលមកប្រទេសកម្ពុជានេះ ។
អ្នកនាំសត្វជ្រូក បានបន្តថា ការដែលគាត់ទិញជ្រូកពីឡាវ មកលក់ចែកចាយតាមបណ្ដាលខេត្តមួយចំនួននេះ គឺគាត់បានរត់ការជាមួយសមត្ថកិច្ចអស់ហើយ ជាពិសេស មន្ត្រីពេទ្យសត្វក្នុងខេត្តស្ទឹងត្រែង។
ពាក់ព័ន្ធករណីខាងលើនេះBTV News សូមការបំភ្លឺពីលោក សៀង ម៉េងហ័ង ប្រធានការិយាល័យបសុពេទ្យប្រចាំខេត្តស្ទឹងត្រែង តាមប្រព័ន្ធទូរស័ព្ទលេខ ០១៧ ៥៩៩ ៦៨៨ លើកទី១ គាត់ឆ្លើយថាគាត់ស្ដាប់មិនបានទេ ព្រោះគាត់កំពុងបើកឡាន ក្រោយមកទៀតយើង បានបន្ដទំនាក់ទំនង តែទូរស័ព្ទចូលតែគាត់មិនលើក មិនថាគាត់ជាប់រវល់ ឬក៏មានចេតនាគេចវេះ ឬបិទបាំងព័ត៌មាននេះ តែទោះបីយ៉ាងណាក្រុមអ្នកយកព័ត៌មានក្នុងខេត្ត និងព្យាយាមស្រាវជ្រាវបន្តទៀតដើម្បីរកការពិត៕
អត្ថបទ ៖ មាស ផល្លា