បាល់ទាត់៖ ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski បានបញ្ជាក់ច្បាស់ហើយថា គេនឹងមិនបន្តកិច្ចសន្យាជាមួយ Bayern Munich ឡើយ ហើយគ្រោងនឹងចាកចេញមុនរដូវកាលថ្មីចាប់ផ្តើមនៅរដូវក្តៅខាងមុខ។ នាយកបច្ចេកទេសក្លិប Bayern Munich លោក Hasan Salihamidzic បាននិយាយថា Lewandowski ដែលកិច្ចសន្យារបស់គេនឹងអស់សុពលភាពនៅដំណាច់រដូវកាលក្រោយនោះ បានប្រាប់លោកថា គេពិតជាចង់ចាកចេញពីក្លិប។

Lewandowski បានបញ្ជាក់បែបនេះ បន្ទាប់ពីបញ្ចប់ការប្រកួតបិទរដូវកាលរបស់ Bayern Munich ដែលស្មើនៅទឹកដី Wolfsburg ២-២។ តាំងពីមកដល់ Bayern Munich ពី Dortmund កាលពីឆ្នាំ២០១៤ Robert Lewandowski បានស៊ុតបញ្ចូលទីសរុប ៣៤៤គ្រាប់ក្នុងការប្រកួតឱ្យក្លិបនៅទីក្រុងមូនីចមួយនេះ ៣៧៤ប្រកួត និងជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Bayern Munich លំដាប់ទី២ បន្ទាប់ពី Gerd Muller។ ៨រដូវកាលជាមួយ Bayern Munich, Lewandowski បានឈ្នះជើងឯក Bundesliga ទាំង ៨រដូវកាលជាមួយក្លិបបូករួមទាំងជើងឯក UEFA Champions League នៅឆ្នាំ២០២០ ផងដែរ។ Barcelona ត្រូវបានគេដឹងថា ជាក្លិបឈានមុខគេដែលធ្វើទំនាក់ទំនងមកកាន់ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះ៕
អត្ថបទ៖នាង សុភាវុធ