កំពត៖ កសិករនៅស្រុកឈូក ខេត្តកំពត លើកឡើងថា ការចិញ្ចឹមបង្កងតាមបែបធម្មជាតិ មានភាពងាយស្រួល ចំណាយដើមតិច និងឆាប់បានប្រមូលផល ។
លោក កែវ សុធៀន ជាកសិករ រស់នៅភូមិដំណាក់ស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានប្រាប់ឲ្យដឹងថា ដោយសារស្រឡាញ់ការដាំដុះ និងចិញ្ចឹមសត្វ លោកបានរៀបដីចំនួន ៦ហិកតា ដាំដំណាំហូបផ្លែជាច្រើនប្រភេទ និងជីកស្រះ យកទឹកទៅចិញ្ចឹមសត្វត្រី កង្កែប ខ្យង និងបង្កង។ បច្ចុប្បន្នលោកកំពុងប្រមូលផលខ្យងថៃ និងបង្កងអូស្ត្រាលី ចិញ្ចឹមតាមបែបធម្មជាតិ ។
លោក បានបញ្ជាក់ថា ការចិញ្ចឹមបង្កងមានភាពងាយស្រួល ក្មេងតូចក៏អាចចិញ្ចឹមបានដែរ។
អតីតសិក្ខាកាមម្នាក់ក្នុងវគ្គបណ្តុះបណ្តាលស្តីអំពីការដាំដុះ និងការចិញ្ចឹមសត្វជាមួយអង្គការជាច្រើន និងធ្លាប់បានទៅរៀនបន្ថែមនៅប្រទេសថៃ លោក កែវ សុធៀន បានបញ្ជាក់ថា ការរៀបចំស្រះចិញ្ចឹមបង្កងតាមបែបធម្មជាតិ មានសារៈប្រយោជន៍ច្រើនសម្រាប់កសិករ វាបានកាត់បន្ថយការចំណាយ កម្លាំងពលកម្ម និងពេលវេលាបានច្រើន។
កសិកររូបនោះ បានបញ្ជាក់ដែរថា បង្កងចិញ្ចឹមតាមបែបធម្មជាតិ មានសាច់ស្វិតផ្អែម ជាងបង្កងផ្សេងៗ ហើយបច្ចុប្បន្នលោកចិញ្ចឹមសម្រាប់តែលក់ទៅឲ្យមិត្តភក្តិ និងប្រជាពលរដ្ឋក្នុងភូមិប៉ុណ្ណោះ ដោយមិនទាន់បានយកទៅលក់នៅលើទីផ្សារនៅឡើយទេ។
កសិកររូបនេះ បានបញ្ជាក់ថា លោករីករាយក្នុងការជួយបង្រៀនអំពីរបៀបនៃការចិញ្ចឹមបង្កងតាមបែបធម្មជាតិនេះ ដោយឥតគិតថ្លៃទៅដល់អ្នកប្រជាកសិករណាដែលមានបំណងចង់ចិញ្ចឹម ហើយក្រៅពីបង្កងលោកក៏អាចជួយ បង្រៀនចិញ្ចឹមត្រី កង្កែប ខ្យងផងដែរ៕ អត្ថបទ៖ អន សារឹម