ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានអំពាវនាវ ទៅប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោត ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឲ្យបានគ្រប់ៗគ្នា កុំមានការព្រួយបារម្ភ ខណៈការបោះឆ្នោតថ្នាក់ក្រោមជាតិនេះ កាន់តែខិតជិតមកដល់ ។
ក្នុងរាជសារផ្ញើជូនជនរួមជាតិ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះបន្ទួលថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ។
ព្រះមហាក្សត្រ មានព្រះបន្ទួលបន្តថា ក្នុងឱកាសនេះ ព្រះអង្គអំពាវនាវជាឱឡារិក ជូនជនរួមជាតិ បងប្អូន កូនក្មួយ អ្នកបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចនេះ សុំកុំឲ្យមានការព្រួយបារម្ភពីការគាបសង្កាត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឲ្យសោះ ។
ព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះបន្ទួលបន្ថែមថា បងប្អូន កូនក្មួយ មេត្តាប្រើសិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតទៅតាមសតិសម្បជញ្ជៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជន ឬគណបក្សនយោបាយណាមួយ ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានគណបក្សនយោបាយចូលរួមបោះឆ្នោតចំនួន ១៧គណបក្ស ហើយការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកំពុងដំណើរការ ដោយគិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ការឃោសនាថ្ងៃទី ១១ហើយ ៕ អត្ថបទ ៖ បាន សុខរិទ្ធិ
