ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែឧសភានេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារ “អភិវឌ្ឍន៍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម” ហៅកាត់ថា (ក.ជ.ថ.ស.ប) បានពិភាក្សាការងារជាមួយលោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា ព្រមទាំងសហការី និងលោកស្រីវេជ្ជបណ្ឌិត ហ្វារូហ្វ ហ្វូយូហ្សាត តំណាងអង្គការយូនីសែហ្វ (UNICEF) ប្រចាំកម្ពុជា ព្រមទាំងសហការី ។
ជំនួបកិច្ចពិភាក្សានេះ ធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល ក្នុងគោលបំណងបង្ហាញអំពីគំនិតផ្តួចផ្តើម និងដំណើរការអភិវឌ្ឍក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម ព្រមទាំងស្វែងរកនូវចំណុចរួមគ្នាសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមការងារ ក.ជ.ថ.ស.ប របស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងអង្គការយូនីសែហ្វ ក្នុងការអនុវត្តន៍ក្របខ័ណ្ឌជំរុញការថែទាំសុខភាពបឋមនៅកម្ពុជា ដោយផ្អែកលើលទ្ធផលបានមកពីការអភិវឌ្ឍក្របខ័ណ្ឌអនុវត្តសម្រាប់ជំរុញបង្កើនការងារថែទាំសុខភាពបឋម ដែលនឹងត្រូវធ្វើឡើងដោយក្រុមការងារខាងលើនេះ ដោយមានការជួយគាំទ្រផ្នែកបច្ចេកទេស និងថវិកាមួយចំនួនពីអង្គការសុខភាពពិភពលោក៕



