ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងកម្ពុជា ( CCIFC) និងគណៈកម្មាធិការទីប្រឹក្សាពាណិជ្ជកម្មបរទេសនៃប្រទេសបារាំងប្រចាំកម្ពុជា (CCE) នឹងរៀបចំកម្មវិធី «វេទិកាធុរកិច្ចបារាំង-កម្ពុជា» ជាលើកដំបូងបង្អស់ នៅថ្ងៃទី ៩ និងទី១០ ខែមិថុនា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ។
គោលបំណងនៃវេទិកានេះ គឺបង្ហាញពីបរិបទអំណោយផលរបស់កម្ពុជាសម្រាប់ធុរកិច្ច ហើយក៏ដូចជាបង្ហាញថា កម្ពុជាជាច្រកដែលមានភាពងាយស្រួល មានភាពប្រកួតប្រជែងខ្ពស់ និងមានប្រសិទ្ធភាពសម្រាប់ក្រុមហ៊ុនក្នុងការនាំចេញទៅកាន់ទីផ្សារអាស៊ី និងពិភពលោក។
ឆ្ពោះទៅវេទិកាដ៏មានសារៈសំខាន់នេះ នៅព្រឹកថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២២ នេះ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងកម្ពុជា ( CCIFC) និងគណៈកម្មាធិការទីប្រឹក្សាពាណិជ្ជកម្មបរទេសនៃប្រទេសបារាំងប្រចាំកម្ពុជា (CCE) បានរៀបចំសន្និសីទសារព័ត៌មានស្ដីពី «វេទិកាធុរកិច្ចបារាំង-កម្ពុជា» ដើម្បីឱ្យអ្នកសារព័ត៌មានបានឈ្វេងយល់ពីគោលបំណង និងសារសំខាន់នៃវេទិកាធុរកិច្ចបារាំងកម្ពុជានេះ។
នៅក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ជាលើកដំបូងននេះ នឹងមានក្រុមហ៊ុនប្រមាណ២៥០ មកពីប្រទេសអាស៊ាន និងបារាំង ត្រូវបានរំពឹងថានឹងមកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ៕





