ស៊ីហ្គេម៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានគូសបញ្ជាក់ថា សហព័ន្ធកីឡាជាតិមានភារកិច្ចសំខាន់ៗ ២ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត សម្រាប់ការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ការបញ្ជាក់នេះបន្ទាប់ពី CAMSOC បានកោះប្រជុំជាមួយសហព័ន្ធកីឡាជាតិទាំងអស់ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញដើម្បីវែកជែកពីចិត្តសាស្ត្រ និងចំណុចខ្លាំង-ចំណុចខ្សោយក្រោយបញ្ចប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាមកាលពីថ្មីៗ ដើម្បីពង្រឹងបច្ចេកទេសកីឡាត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាឆ្នាំក្រោយ។ ប្រតិបត្តិករកីឡាកម្ពុជារូបនេះមានប្រសាសន៍ថា ភារកិច្ចសំខាន់ៗដែលសហព័ន្ធត្រូវផ្ដោត ទី១-ការងារអភិវឌ្ឍន៍សមត្ថភាពកីឡាករ-កីឡាការិនីឲ្យឈានដល់ស្ដង់ដារ និងអាចស្វែងរកឧត្តមភាពឲ្យបានក្នុងការប្រកួតកីឡាស៊ីហ្គេម ២០២៣ និងទី២ សហព័ន្ធជាតិនីមួយៗត្រូវរៀបចំការប្រកួតតាមប្រភេទកីឡារបស់ខ្លួន ជាមួយសហព័ន្ធអន្ដរជាតិឲ្យបានរលូន និងទទួលបានជោគជ័យ។ យ៉ាងណាក្ដី CAMSOC ក៏ត្រៀមខ្លួនជាស្រេចដើម្បីពិនិត្យ និងបំពេញបន្ថែមលើចំនុចខ្វះខាតដែលជាតម្រូវការរបស់សហព័ន្ធជាតិផងដែរ។
សូមរំលឹកថា ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដែលគិតត្រឹមពេលនេះសល់ពេលមិនដល់ ១ឆ្នាំទៀតនោះទេ។ តាមរយៈនេះគណៈកម្មាធិការជាតិ CAMSOC ក្នុងនាមសេនាធិការរាជរដ្ឋាភិបាលបាននឹងកំពុងធ្វើការយ៉ាងមមាញឹក ជាមួយគណៈកម្មការជំនាញ និងសហព័ន្ធកីឡាជាតិដើម្បីពិនិត្យ តាមដាន និងវាយតម្លៃលើសកម្មភាព និងការអនុវត្តនានា ដើម្បីធានាបាននូវប្រសិទ្ធភាពការងារឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះ៕
អត្ថបទ៖ លី ឈុនឡា