បាត់ដំបង៖ ក្រុមការងារថ្នាក់ជាតិ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងបរិក្ខារសុខាភិបាលផ្ដល់ជូនអាជ្ញាធរស្រុក ដើម្បីទុកផ្គត់ផ្គង់បន្ថែម ដល់ពលករទើបត្រឡប់មកពីប្រទេសថៃ កំពុងធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាឆ្នាល់មាន់។
ក្នុងពេលនាំយកសម្ភារៈទៅផ្ដល់អាជ្ញាធរស្រុកគាស់ក្រឡ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម មៀវ សុខទ្រី អនុប្រធានក្រុមការងារ តំណាងឯកឧត្តម ប៊ុន ដា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឆ្នាល់មាន់ មានប្រសាសន៍ថា ក្រៅពីការងារចុះជួយអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនានា ក្រុមការងារ បានសហការជាមួយអាជ្ញាធរស្រុក ក្នុងការងារមនុស្សធម៌ ការងារសុខាភិបាល ការផ្សព្វផ្សាយពីការទប់ស្កាត់ជំងឺកូវីដ១៩ ដល់ពលរដ្ឋនៅតាមទីជនបទ។
ឯកឧត្តម បានបន្តថា ទន្ទឹមនេះ ក្រុមការងារចុះជួយមូលដ្ឋានឃុំឆ្នាល់មាន់ ក៏តែងនាំយកគ្រឿងឧបភោគបរិភោគនានា ជួយឧតបត្ថម្ភដល់អាជ្ញាធរស្រុកទុកចាត់ចែងប្រើប្រាស់ ក្នុងមណ្ឌលចត្តាឡីស័ក ខណៈក៏មានពលករកំពុងអនុវត្តវិធានការសុខាភិបាល។
ឯកឧត្តមបន្ថែមថា សម្ភារផ្ដល់ដល់អាជ្ញាធរស្រុកនាពេលនេះ មានម៉ាស់ចំនួន ២០០០ ទឹកស៊ីអ៊ីវ ទឹកត្រីទឹកម្ទេស ពងទា និងអង្ករ និងផ្ដល់ថវិកាចំនួន ២៥០០ ០០០រៀល ដល់អាជ្ញាធរឃុំឆ្នាល់មាន់ ក្នុងការងារបញ្ជីរបាយការណ៍ផងដែរ។
ក្នុងថ្ងៃដដែលនេះ ឯកឧត្តម ស្រេង វង្សហៀង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ សហការី និងអាជ្ញាធរស្រុក បានចុះពិនិត្យផ្ទាល់នៅចំណុចអូរដើមជ្រៃ ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ដើម្បីសាកសួរសុខទុក្ខ និងសិក្សាពីការប្រមូលផលដំណាំកសិកម្មផ្សេងៗ ហើយពិភាក្សារកដំណោះស្រាយ ស្វែងរកដៃគូនាំចេញទៅទីផ្សារគាំទ្រដល់កសិផលផ្សេងៗ ឲ្យទទួលបានតម្លៃសមរម្យជូនដល់ពលរដ្ឋ នៅតំបន់នោះផងដែរ។
បើតាមការបញ្ជាក់ របស់លោកជំទាវ សុត សុវណ្ណដា ប្រធានក្រុមការងារចុះជួយឃុំព្រះផុស បានបញ្ជាក់ថា បច្ចុប្បន្នដោយមានឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកគាស់ក្រឡ និងឯកឧត្តម ឡាំ ជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ ក៏បានត្រៀមរួចរាល់ ក្នុងការចូលរួមជាមួយអាជ្ញាធរ ដឹកទឹកចុះចែកពលរដ្ឋនៅតាមតំបន់មួយចំនួន ដែលខ្វះទឹកប្រើប្រាស់ ខណៈសឹងជារៀងរាល់ឆ្នាំពលរដ្ឋនៅក្នុងស្រុកមួយនេះ តែងខ្វះទឹកប្រើប្រាស់នៅរដូវប្រាំងនេះ ៕ អត្ថបទ៖ បាន សុខរិទ្ធ


