UN៖ ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិបាននិយាយថា ជនស៊ីវិលយ៉ាងហោចណាស់ ៤,១១៣នាក់បានស្លាប់នៅក្នុងប្រទេសអ៊ុយក្រែនគិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារទៅលើប្រទេសជិតខាងអ៊ុយក្រែន។

ក្រុមមន្ត្រីនិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបញ្ជាក់ពីមនុស្សស្លាប់ចំនួន ២,៣៣៧នាក់នៅក្នុងតំបន់ Donetsk និង Luhansk ភាគខាងកើតអ៊ុយក្រែន និងអ្នកស្លាប់ចំនួន ១,៧៧៦នាក់នៅក្នុងតំបន់ផ្សេងៗរបស់ប្រទេសនេះរួមទាំងទីក្រុង Kyiv និងតំបន់ Kharkiv។ ក្រុមមន្ត្រីដដែលក៏បាននិយាយផងដែរថា មនុស្សចំនួន ៤,៩១៦នាក់បានរងរបួស។ ការិយាល័យខាងលើបានបន្ថែមថា ចំនួនពិតប្រាកដអាចខ្ពស់ជាងនេះ ព្រោះក្រុមការងារនៅកំពុងធ្វើការដើម្បីបញ្ជាក់ពីរបាយការណ៍នានាពីភាគខាងកើតទីក្រុង Mariupol និងទីក្រុងនានា ជាទីដែលការវាយប្រយុទ្ធគ្នានៅតែមាននៅឡើយ៕
អត្ថបទ៖ សុខមាន