បាល់ទាត់៖ ក្លិបបាល់ទាត់អ៊ីតាលី Inter Milan នឹងធ្វើការចរចាជាមួយនឹងមេធាវីរបស់ Romelu Lukaku ជុំវិញលទ្ធភាពដែលអាចនាំយកខ្សែប្រយុទ្ធប៊ែលហ្ស៊ិករូបនេះត្រលប់ទៅទឹកដីអ៊ីតាលីវិញ។ Romelu Lukaku មានរដូវកាលដ៏លំបាកជាមួយ Chelsea ខណៈសាមីខ្លួនរំពឹងថានឹងត្រលប់ទៅទឹកដី Inter Milan វិញ តែការលំបាកនោះគឺ Chelsea បានចំណាយដល់ទៅ ៩៧.៥លានផោនកាលពីខែសីហាឆ្នាំមុន។
គេមិនទាន់ដឹងពីចរចាបែបណានៅឡើយ តែលទ្ធភាពដែលគេមើលឃើញគឺត្រឹមលក្ខខណ្ឌខ្ចីប៉ុណ្ណោះ។ Romelu Lukaku បានស៊ុតបញ្ចូលទីសរុប ៦៤គ្រាប់ក្នុងការបង្ហាញខ្លួន ៩៥ប្រកួតនៅ Inter Milan រយៈពេល ២រដូវកាល និងជាសមាជិកដ៏សំខាន់របស់ Inter Milan ក្នុងការឈ្នះជើងឯកអ៊ីតាលី Series A កាលពីរដូវកាល ២០២០-២០២១។ តែការវិលត្រលប់មកកាន់ទឹកដី Stamford Bridge កីឡាករវ័យ ២៩ឆ្នាំរូបនេះចាប់ផ្តើម ១១នាក់ដំបូងនៅ Premier League ជាមួយ Chelsea បានត្រឹម ១៦ប្រកួត និងបញ្ចប់រដូវកាលដោយរកបាន ១៥គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ៤៤ប្រកួត។
បច្ចុប្បន្នអ្នកចាត់ការ Chelsea លោក Thomas Tuchel ត្រូវការខ្សែប្រយុទ្ធបន្ថែម ខណៈដែលកីឡាករស្ថិតក្នុងគោលដៅនោះរួមមានដូចជា Raheem Sterling, ខ្សែប្រយុទ្ធ Leipzig, Christophe Nkunku និងខ្សែប្រយុទ្ធ Benfica, Dawin Nunez ជាដើម៕
អត្ថបទ៖នាង សុភាវុធ