ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវលេខ ១០៨០ ប្រវែងជាង ៦គីឡូម៉ែត្រ ចាប់ពីមហាវិថីឈ្នះឈ្នះ ដល់ផ្លូវលេខ៤២ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន។
ពិធីសម្ពោធកំណាត់ផ្លូវបេតុងអាម៉េមួយខ្សែនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០១ មិថុនា ឆ្នាំ២០២២ នៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ផ្លូវនេះពីដើមជាផ្លូវតូចចង្អៀត ពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ ដោយមើលឃើញពីការលំបាកនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យមានការស្ថាបនាឡើងជាបន្តបន្ទាប់ ហើយចុងក្រោយនេះ បើទោះបីប្រទេសកម្ពុជាស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ក៏ដោយ កំណាត់ផ្លូវនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យស្ថាបនាថ្មីឡើងវិញ ជាមួយនឹងការពង្រីកផ្លូវឱ្យកាន់តែធំទូលាយជាងមុន និងបំពាក់បង្គោលភ្លើងបំភ្លឺសាធារណៈអមសងខាងផ្លូវផងដែរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ចពិសេសអាជ្ញាធរ ដែនដីត្រូវមើលថែផ្លូវនេះឱ្យបានល្អ ពិសេស ពិនិត្យមើលលើការដឹកទំនិញលើសទម្ងន់ ដូចជារថយន្តដឹកដី ដឹកខ្សាច់ និងដឹកថ្មជាដើម ។
ឯកឧត្តម ឃួង ស្រេង បន្ថែមថា ប្រទេសកំពុងអភិវឌ្ឍន៍ឯកឧត្តម មិនហាមឃាត់ការដឹកជញ្ជូនទេ តែត្រូវដឹក ឱ្យបានសមស្រប កុំដឹកលើសទម្ងន់ដែលច្បាប់បានកំណត់ដែលធ្វើឱ្យខូចផ្លូវប្រើប្រាស់មិនបានយូរអង្វែង។
ឯកឧត្តម ឃួង ស្រេង បញ្ជាក់ទៀតថា ក្រោយផ្តល់ផ្លូវ១ខ្សែនេះហើយ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចផ្តល់ផ្លូវ១ខ្សែទៀត ចាប់ពីផ្លូវ១០៨០នេះទៅផ្លូវលេខ៤២ទៀត ដែលមានប្រវែង ១៥០០ម៉ែត្រ ទទឹង១២ម៉ែត្រ ហើយបានប្រកាសបើកការដ្ឋាននាព្រឹកថ្ងៃទី០១ មិថុនាឆ្នាំ២០២២ ជាមួយនឹងការបើកសម្ពោធផ្លូវលេខ១០៨០នេះតែម្តង។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា កំណាត់ផ្លូវលេខ១០៨០នេះ លាតសន្ធឹងចាប់ពីមហាវិថីឈ្នះឈ្នះរហូតដល់ផ្លូវលេខ៤២ ដោយឆ្លងកាត់សង្កាត់ សំរោងក្រោម ខណ្ឌពោធិសែនជ័យ សង្កាត់ស្នោ ខណ្ឌកំបូល និងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ មានប្រវែង ៦៤៩០ម៉ែត្រ ទទឹង១២ម៉ែត្រ ចាក់មេតុងកំរាស់២០សង់ទីម៉ែត្រ ដាក់លូ ១ម៉ែត្រសងខាង និងតំឡើងបង្គោលភ្លើងសងខាងផ្លូវផងដែរ។
លោក បញ្ជាក់ថា ផ្លូវនេះពីមុនមានទទឹងត្រឹមតែ៦ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែពេលនេះបានពង្រីកដល់ ១២ម៉ែត្រ ដែលវានឹងក្លាយជាផ្លូវមេសម្រាប់ធ្វើចរាចរណ៍តភ្ជាប់ពីតំបន់លំនៅដ្ឋានមកផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យនិងវិថីបម្រើឱ្យវិស័យទេសចរណ៍ និងការដឹកជញ្ជូនផលិតផលមកផ្គត់ផ្គង់រាជធានីភ្នំពេញ។
ម្យ៉ាងវិញទៀតផ្លូវលេខ១០៨០នេះ អាចធ្វើដំណើរទៅកាន់មហាវិថីឈ្នះឈ្នះ ផ្លូវលេខ៤២ អាចតទៅផ្លូវល្បឿនលឿន ភ្នំពេញ ក្រុងព្រះសីហនុ ឬក៏តភ្ជាប់ពីផ្លូវលេខ១៥១ ឆ្ពោះទៅភ្នំបាសិដ្ឋ ជាតំបន់ទេសចរណ៍ និងជាផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥១ រួចបែងចែកចរាចរណ៍ទៅផ្លូវជាតិលេខ៤ ត្រង់ថ្នល់ទទឹង និងផ្លូវជាតិលេខ៥ ត្រង់ឧត្តុង។ ផ្លូវលេខ១០៨០ បានប្រើប្រាស់ពេលសាងសង់ចំនួន៥ខែ ដោយចាប់ផ្តើមការដ្ឋានសាងសង់កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ និងបញ្ចប់នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា







