ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប )ឲ្យដឹងថា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ មានអ្នកសង្កេតការណ៍ជាតិចូលរួមតាមដានការបោះឆ្នោត មានចំនួនជិត ៧ម៉ឺននាក់ ខណៈ ៥ពាន់នាក់ទៀតបន្តស្នើ។
ថ្លែងប្រាប់ BTV News ឯកឧត្តម ហង្ស ពុទ្ធា បានឲ្យដឹងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីដំណើរការស្នើចុះឈ្មោះអ្នកសង្កេតការណ៍បានបញ្ចប់កាលពីចុងសប្តាហ៍កន្លងទៅ គ.ជ.ប បានទទួលការស្នើពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួនជិត ៨០ស្ថាប័ន និងមានអ្នកសង្កេតការណ៍ចំនួនជាង ៧ម៉ឺននាក់ ស្នើចូលរួមតាមដានការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខ។
ឯកឧត្តម បន្តថា មកទល់ពេលនេះ គ.ជ.ប អនុញ្ញាតឲ្យសមាគមចំនួនជាង ៤០ស្ថាប័ន ស្នើនឹងចំនួនអ្នកសង្កេតការណ៍ជិត ៧ម៉ឺននាក់បានចូលរួមតាមដានការបោះឆ្នោត ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំងទាំងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
លោក ជឹម ភ័ក្រ្តា អនុប្រធានសមាគមបញ្ញាវ័ន្ត និងយុវជនស្ម័គ្រចិត្ត ឲ្យដឹងថា សមាគមរបស់លោកបានដាក់អ្នកសង្កេតការណ៍តាមបណ្តាខេត្តមួយចំនួន ខណៈលោកអះអាងថា គ.ជ.ប បានផ្តល់កិច្ចសហការបានយ៉ាងល្អទៅលើការបណ្តុះបណ្តាលអ្នកសង្កេតការណ៍របស់ខ្លួន។
ចំពោះតួនាទី និងកាតព្វកិច្ចរបស់អ្នកសង្កេតការណ៍ ឯកឧត្តម ហង្ស ពុទ្ធា លើកឡើងថា អ្នកសង្កេតការណ៍ត្រូវបានកំណត់ឲ្យមានចំនួនត្រឹម៤នាក់តែប៉ុណ្ណោះ ក្នុងការិយាល័យបោះឆ្នោតនីមួយៗ ជាពិសេសប្រកាន់ខ្ជាប់ដោយអនុវត្តត្រឹមត្រូវតាមនីតិវិធីរបស់ គ.ជ.ប និងមិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មន្រ្តីការិយាល័យបោះឆ្នោតឡើយ៕ អត្ថបទ៖ សេក ឧត្តម