បន្ទាយមានជ័យ៖ ឯកឧត្តម បោន ប៊ិន អនុប្រធានក្រុមការងារចុះពង្រឹងមូលដា្ឋនស្រុកមង្គលបូរី និងជាប្រធានក្រុមការងារចុះជួយឃុំចំណោម ស្រុកមង្គលបូរី នៅថ្ងៃទី០១ ខែមិថុនានេះ បានបើកកិច្ចប្រជុំបូកសរុបលើការវាយតម្លៃលទ្ធផលការងារក្នុងការចុះយុទ្ធនាការឃោសនាបោះឆ្នោត ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។
ក្នុងឱកាសនោះដែរឯកឧត្តម បោន ប៊ិន ក៏បានថ្លែងនូវកោតសរសើរខ្ពស់ចំពោះក្រុមការងារ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានឃុំចំណោម ទាំងអស់ដែលបានខិតខំយ៉ាងសស្រាក់សស្រាំក្នុងការចុះជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយមិនខ្លាចនឿយហត់។
ឯកឧត្តម បានបន្តថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា អស់រយៈពេលជាង៤០ឆ្នាំកន្លងមកនេះ ដោយសារតែមានការជឿទុកចិត្ត និងការគាំទ្រពីប្រជាជនកម្ពុជាទូទាំងប្រទេស ហើយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតដល់ពេលបច្ចុប្បន្ននេះ ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនបានយ៉ាងលឿនលើគ្រប់វិស័យ ។
ឯកឧត្តម បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជានៅតែបន្តពង្រឹងការប្តេជ្ញាចំពោះមុខប្រជាជនថា នឹងបន្តអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យបានជោគជ័យសំរាប់អាណត្តិទី៥បន្តទៀត ដើម្បីរក្សា សន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឱ្យបានរឹងមាំ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយដល់ជនក្រីក្រ និងអភិវឌ្ឍន៍ឃុំ សង្កាត់លើគ្រប់វិស័យឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ដែលជាការឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍រួមរបស់ប្រជាជនគ្រប់ៗរូបនៅគ្រប់មូលដ្ឋានសំរាប់ការបោះឆ្នោះជ្រើសរើសឃុំសង្កាត់អាណត្តិទី៥ថ្មីនេះ៕




