
កំពង់ស្ពឺ៖ ឯកឧត្តម យឿន យឿត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជាពិសេសបងប្អូននៅស្រុកឱរ៉ាល់កុំភ្លេច «ដើមឈើសន្តិ ភាព» ហើយត្រូវថែរក្សាដើមឈើនេះឲ្យបានគង់វង្សជាអមតៈ ដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិឲ្យកាន់ តែខ្លាំងក្លាបន្ថែមទៀតនោះ។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅឃុំតាសាល ស្រុកឱរ៉ាល់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម យឿន យឿត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាប្រៀបបានដូចជាដើមឈើសន្តិភាព ហើយដើម្បីថែរក្សាដើមឈើសន្តិភាពនេះឲ្យបានគង់វង្សជានិរន្ត បងប្អូនទាំងអស់គប្បីទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះកាន់តែខិតជិតមកដល់ហើយនោះ។
ឯកឧត្តមបានបន្តថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបងប្អូនពលរដ្ឋខ្មែរស្ទើរតែទាំងអស់បានផ្តល់សេចក្តីជឿទុកចិត្ត និងប្រគល់សំឡេងឆ្នោតឲ្យដឹកនាំប្រទេសជាតិជាង៣០ឆ្នាំកន្លងមកហើយ ហើយក្នុងរយៈពេលជិត៤០ឆ្នាំនេះ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍស្ទើគ្រប់វិស័យ ហើយជីវភាពរបស់នៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរកាន់តែរីចំរើនពីមួយឆ្នាំទៅមួយឆ្នាំនោះ។
ជាមួយគ្នានោះឯកឧត្តមក៏បានក្រើនរំលឹកអំពីគុណបំណាចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា គឺជាមគ្គុទេសឯកដឹកនាំប្រទេសបានដាំដើមឈើសន្តិភាពនេះ សម្រាប់បងប្អូនជនរួមជាតិទាំងអស់សម្រាប់ជ្រកកោនរហូតដល់សព្វថ្ងៃនេះ។ ដើមឈើសន្តិភាពនេះ និងមិនរំលាយ សាបសូន្យនោះឡើយ ហើយវានឹងធ្វើជាម្លប់សម្រាប់បងប្អូនគ្រប់ៗរូបជារៀងរហូតទៅយូរអង្វែង៕



