ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តខេត្តកំពង់ស្ពឺ ជាមួយនឹងការផ្ញើសារដល់កុមារ ដែលឯកឧត្តមហៅថាកូនៗ ក្នុងឱកាសទិវាកុមារអន្តរជាតិ បានភ្ជាប់នូវខ្លឹមសារផ្សេងៗ បង្ហាញពីមេរៀន នៃការឆ្លងកាត់នូវវិបត្តិកូវីដ-១៩ លើទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ។
ក្នុងចំណោមខ្លឹមសារដ៏វែងនោះ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ក្នុងដំណាក់កាល ០២ឆ្នាំ នៃការវាយប្រហារមេរោគកូវីដ-១៩ គឺជាអ្វី ដែលមិនអាចបំភ្លេចបាន។
ទោះយ៉ាងណាក្ដី យើងមិនអាចបំភ្លេចបាននូវអ្វីដែលបានកើតឡើងក្នុងដំណាក់កាល ០២ឆ្នាំ នៃការវាយប្រហាររបស់ជំងឺកូវីដ-១៩ ដ៏ធ្ងន់ធ្ងរ ក្នុងនោះ មុនវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងមុនមានភាពស៊ាំសហគមន៍យើងគ្រប់ៗគ្នា ក្រុមគ្រួសារនីមួយៗ តែងតែគិតគូរបារម្ភថា តើជំងឺកូវីដ-១៩ នឹងអាចឆ្លងក្រុមគ្រួសាររបស់យើងទេ? ក្នុងនោះតើធ្វើយ៉ាងណាចំពោះគ្រួសារខ្លះដែលមានសមាជិកឆ្លង ហើយគ្រួសារខ្លះទៀត ក៏បានបាត់បង់សមាជិកជាទីស្រឡាញ់របស់ខ្លួនដោយជំងឺដ៏កាចសាហាវនេះ។
ទន្ទឹមនឹងការបង្ហាញពីសោកនាដកម្ម និងវិបត្តិដែលឆ្លុះបញ្ចាំងពីការលំបាករួមដែលសង្គមបានឆ្លងកាត់ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានរំលឹកពីភាពជោគជ័យខ្ពស់ របស់រាជរដ្ឋាភិបាលក្នុងការការពារអាយុជីវិត ប្រជាពលរដ្ឋកម្ពុជា ដោយទប់ស្កាត់បានការស្លាប់ពីជំងឺកូវីដ-១៩ ជាអតិបរមា។ ចំពោះកម្ពុជា សមត្ថភាព និងការគ្រប់គ្រងជំងឺកូវីដ-១៩ អាចចែកចេញជា ២ ដំណាក់កាល៖ ១.) ទប់ស្កាត់ការរីករាលដាល ការពារអាយុជីវិតរបស់ប្រជាជនក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាល មិនមានវ៉ាក់សាំង និង ២.) ក្នុងពេលមានវ៉ាក់សាំង រាជរដ្ឋាភិបាលអនុវត្តយុទ្ធសាស្រ្ត ផ្ការីក ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ រហូតបង្កើតបានភាពស៊ាំក្នុងសហគមន៍ និងបើកសង្គម-សេដ្ឋកិច្ច ពេញលេញឡើងវិញ ដោយឈានជាបន្តបន្ទាប់មករកប្រក្រតីភាពនៃជីវភាពប្រចាំថ្ងៃ។
ឯកឧត្តម ហ៊ុន ម៉ានី ក៏មិនភ្លេចក្នុងការបង្ហាញពីការគាំទ្រ នូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ជាទីបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការថ្លែងអំណរគុណប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ វិស័យឯកជន ជាពិសេសលោកគ្រូ អ្នកគ្រូ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យគ្រប់ៗរូប ក្នុងការសហការ ជឿជាក់ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងដំណាក់កាលលំបាកនេះ៕ អត្ថបទ៖ រដ្ឋា
