អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប សម្រាប់ការដាក់បម្រាមប្រេងស្ទើរតែទាំងស្រុងពីប្រទេសរុស្ស៊ី។

ថ្លែងនៅក្នុងសុន្ទរកថាវីដេអូកាលពីថ្ងៃអង្គារលោក Zelenskyy បាននិយាយថា ការសម្រេចរបស់សហភាពអឺរ៉ុបក្នុងការកាត់បន្ថយការនាំចូលប្រេងពីរុស្ស៊ីភាគច្រើន មានន័យថា រុស្ស៊ីនឹងមិនអាចចំណាយប្រាក់រាប់ពាន់លានអឺរ៉ូ ដើម្បីផ្តល់ហិរញ្ញវត្ថុដល់ក្រុមភេរវកម្មបានទេ។ អ៊ុយក្រែននឹងជំរុញឱ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀត ដោយលោក Zelenskyy និយាយថា មិនគួរមានទំនាក់ទំនងសេដ្ឋកិច្ចសំខាន់ណាមួយ ដែលនៅសល់រវាងពិភពលោកសេរី និងរដ្ឋភេរវករនោះទេ។ លោកនិយាយថា ខណៈកញ្ចប់ទណ្ឌកម្មទី៦ ចាប់ផ្តើមដំណើរការកាន់តែឆាប់ យើងនឹងចាប់ផ្តើមធ្វើការលើកញ្ចប់ទី៧ ភ្លាមៗ។ លោកបានថ្កោលទោសការវាយប្រហារតាមអាកាសរបស់រុស្សី កាលពីថ្ងៃអង្គារលើទីក្រុង Sievierodonetsk បណ្តាលឲ្យមានការបញ្ចេញផ្សែងពុលអាស៊ីតនីទ្រីក ដែលជាទង្វើគ្មានមនុស្សធម៌។
លោក Zelenskyy និយាយកាលពីថ្ងៃអង្គារថា ប្រទេសលោកមានផែនការយកទឹកដីមកវិញ ដែលបានដណ្តើមយកដោយកងកម្លាំងរុស្ស៊ីមកវិញ។ មេដឹកនាំអ៊ុយក្រែនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីស្លូវ៉ាគីរបស់លោកថា ផែនការរបស់យើងគឺច្បាស់លាស់។ យើងនឹងយកទឹកដីទាំងមូលរបស់យើង ដែលជាកម្មសិទ្ធិរបស់យើងជាប្រវត្តិសាស្ត្រ និងស្របតាមច្បាប់អន្តរជាតិ៕
អត្ថបទ៖ ប៊ុនថន