វាយកូនបាល់៖ កំពូលកីឡាករវាយកូនបាល់អេស្ប៉ាញ Rafael Nadal ជាថ្មីម្តងទៀតបានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យ ក្នុងនាមជាកីឡាករកំពូលពិតមែនក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍ Grand Slam, French Open បន្ទាប់ពីយកឈ្នះកីឡាករលេខ ១ ពិភពលោក Novak Djokovic ដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ជាការប៉ុនប៉នឈ្នះពាន French Open លើកទី១៤ ក្នុងអាជីព Rafael Nadal ត្រូវប្រើពេលដល់ទៅជាង ៤ម៉ោងទើបរកចាញ់ឈ្នះឃើញ ខណៈការប្រកួតទំរាំចប់គឺដល់ម៉ោងជាង ១រំលងអាធ្រាតម៉ោងនៅទីក្រុងប៉ារីស។ ជ័យជំនះដោយលទ្ធផល ៣សិតទល់នឹង ១ ពិន្ទុ ៦-២, ៤-៦, ៦-២ និង ៧-៦(៧-៤) គឺជាការសងសឹកបានសំរេចសំរាប់ Rafael Nadal ដែលធ្លាប់ចាញ់ Djokovic នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្នាំមុន ដែលកីឡាករស៊ែបគឺជាជើងឯកនៅពេលនោះ។
ម្ចាស់ជើងឯក Grand Slam ២១លើក Rafael Nadal នឹងបន្តជួបជាមួយកីឡាករអាល្លឺម៉ង់ Alexander Zverev នៅថ្ងៃសុក្រខាងមុខនេះ។ ម្ចាស់មេដាយមាសអូឡាំពិកទីក្រុងតូក្យូ Alexander Zverev បានឈានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ២ឆ្នាំជាប់គ្នាក្រោយយកឈ្នះកីឡាករអេស្ប៉ាញ Carlos Alcaraz ដោយលទ្ធផល ៦-៤, ៦-៤, ៤-៦ និង ៧-៦(៩-៧)៕
អត្ថបទ៖នាង សុភាវុធ