ភ្នំពេញ៖ មនុស្ស២នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំមួយគ្រឿងបើកបរដោយខ្វះការប្រុងប្រយ័ត្ន រេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវរួចបន្តទៅបុក ជាមួយរថយន្តមួយគ្រឿងទៀត រងការខូចខាតទាំង២គ្រឿង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៩ និង១៥ នាទីព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២២ ចំណុចមុខឃ្លាំងឈ្មោះ ឡៅ ទី តាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ឃើញមានបុរសម្នាក់បើកបររថយន្ត ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-2482 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ បានរេចង្កូតមកឆ្វេងឡើងឆ្លងសួនច្បារមកបុកជាមួយរថយន្ត មួយគ្រឿងម៉ាក HYUNDAI ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2Y-0466 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។
សូមបញ្ជាក់ផងដែរ ក្នុងករណីនេះ បណ្តាលអោយរបួសមនុស្សធ្ងន់ ០១នាក់ និងស្រាល ០១នាក់ រថយន្តខូចខាតធ្ងន់ ០២គ្រឿងសួនច្បារខូចខាតប្រវែងជាង០៥ម៉ែត្រ បាក់ដើមឈើ ០១ដើម និងឃ្លាំងខូចខាតស័ង្កសី ២០ម៉ែត្រការ៉េ ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុ និងបានរាយការណ៍ទៅកម្លាំងនគរបាលជំនាញចរាចរណ៍ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕ អត្ថបទ៖ កុម្ភៈ





