វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់អ៊ីតាលី Martina Trevisan បានឈានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam ជាលើកដំបូងក្នុងអាជីពក្រោយយកឈ្នះកីឡាការិនីកាណាដា Leylah Fernandez នៅព្រឹត្តិការណ៍ French Open។

កីឡាការិនីវ័យ ២៨ឆ្នាំរូបនេះបានយកឈ្នះ Leylah Fernandez ដោយលទ្ធផល ២សិតទល់នឹង ១ ពិន្ទុ ៦-២, ៦-៧(៣-៧) និង ៦-៣។ គូប្រកួតរបស់នាង កីឡាការិនីវ័យ ១៩ឆ្នាំ Leylah Fernandez ដែលធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្រ US Open កាលពីឆ្នាំ២០២១ នោះមានបញ្ហារបួសជើងអំឡុងការប្រកួតនេះ។ កីឡាការិនីលំដាប់លេខ ៥៩ ពិភពលោករូបនេះបានឈ្នះជើងឯកនៅ WTA ជាលើកដំបូងនៅទីក្រុង Rabat ប្រទេសម៉ារ៉ុកមួយសប្តាហ៍មុន French Open ចាប់ផ្តើម។
គូប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ Martina Trevisan គឺកីឡាការិនីវ័យក្មេងអាមេរិក Coco Gauff ដែលបានយកឈ្នះមិត្តរួមជាតិអាមេរិក Sloane Stephens ៧-៥ និង ៦-២។ Coco Gauff មុនឈានមកដល់ព្រឹត្តិការណ៍ French Open នេះកីឡាការិនីវ័យ ១៨ឆ្នាំរូបនេះទើបតែទទួលសញ្ញាប័ត្របញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ។ Coco Gauff គឺជាអតីតជើងឯក French Open នេះក្នុងកម្រិតយុវជនកាលពីឆ្នាំ២០១៨ ក្នុងឆ្នាំតែមួយដែល Sloane Stephens ចាញ់ Simona Halep នៅពេលនោះ៕
អត្ថបទ៖នាង សុភាវុធ