បាល់ទាត់៖ ក្រុមបាល់ទាត់ជំរើសជាតិអង់គ្លេស នឹងជួបជាមួយក្រុមម្ចាស់ផ្ទះហុងគ្រីនៅទីក្រុង Budapest ថ្ងៃសៅរ៍នេះ ដែលនឹងមានអ្នកគាំទ្រចូលទស្សនាយ៉ាងហោចណាស់ ៣ម៉ឺននាក់ ទោះបីហុងគ្រីជាប់បម្រាមប្រកួតបិទទ្វារក៏ដោយ។

ហុងគ្រីត្រូវបានដាក់ពិន័យឱ្យប្រកួតដោយគ្មានអ្នកគាំទ្រទស្សនា បន្ទាប់ពីទង្វើរើសអើងជាតិសាសន៍ដោយអ្នកគាំទ្ររបស់ខ្លួន។ យ៉ាងណាក្តី សមាគមបាល់ទាត់ហុងគ្រីបានប្រើប្រាស់បទប្បញ្ញត្តិរបស់ UEFA ដែលអនុញ្ញាតឱ្យក្មេងៗចូលទស្សនា និងមើលការខុសត្រូវដោយមនុស្សធំ។ FA ហុងគ្រីបានបញ្ជាក់ថា កុមារសរុប ៣ម៉ឺននាក់បានចុះឈ្មោះរួចរាល់ដើម្បីចូលទស្សនាការប្រកួតថ្ងៃសៅរ៍នេះ។ រំលឹកថា កាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ UEFA បានសំរេចដាក់ពិន័យ FA ហុងគ្រីឱ្យប្រកួតក្នុងដីដោយគ្មានអ្នកគាំទ្រទស្សនា ៣ប្រកួត និងពិន័យជាទឹកប្រាក់ ៨៥០០០ផោន បន្ទាប់ពីទង្វើរើសអើងជាតិសាសន៍ដោយអ្នកគាំទ្ររបស់ខ្លួននៅព្រឹត្តិការណ៍ Euro 2020។
មិនតែប៉ុណ្ណោះហុងគ្រីក៏ជាប់បម្រាមរបស់ FIFA ដែរដោយតម្រូវឱ្យប្រកួតដោយគ្មានអ្នកទស្សនា ២ប្រកួតផ្សេងទៀត ក្រោយទង្វើរើសអើសដដែលនេះធ្វើឡើង ចំពោះកីឡាកររបស់អង់គ្លេសអំឡុងការប្រកួតជំរុះ World Cup កាលពីខែកញ្ញាឆ្នាំមុន។ Raheem Sterling និង Jude Bellingham គឺជាជនរងគ្រោះនៃការរើសអើងនេះដោយមានការស្រែកប្រមាថ ចោលកាំជ្រួច និងវត្ថុរឹងផ្សេងៗមកលើទីលានសំដៅកីឡាករទាំង២ នៅកីឡដ្ឋាន Pukas Arena៕
អត្ថបទ៖នាង សុភាវុធ