ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ រវាងសហគ្រាសឱសថកម្ពុជា និងក្រុមហ៊ុន Sinovac Life Sciences នៃសាធារណរដ្ឋប្រជាមានិតចិន ដែលអាចឲ្យកម្ពុជា មានលទ្ធភាពវេចខ្ចប់វ៉ាក់សាំងដោយអនុលោមទៅតាមនិយាមរបស់សាធារណរដ្ឋប្រជាមានិតចិន។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមវត្តឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ជាមួយឯកឧត្តម Wang Wentian (វ៉ាង វិនធាន) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ អ្នកឧកញ៉ា ជឹង សុភាព អគ្គនាយិកាសហគ្រាសឱសថកម្ពុជា លោក Gao Qiang (កៅ ជាំង)អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Sinovac Life Sciences Co.,Ltd។
ថ្លែងក្នុងពិធីនោះ លោកជំទាវ អ្នកឧកញ៉ា ជឹង សុភាព ប្រធានក្រុមប្រឹក្សាភិបាលសហគ្រាសឱសថកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើម និងការគាំទ្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះគម្រោងច្រក និងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ ព្រមទាំងថ្លែងអំណរគុណចំពោះឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានផ្តល់ការសម្របសម្រួល និងគាំទ្រដល់ការជម្រុញអនុវត្តគម្រោងដ៏មានសារៈសំខាន់នេះ។ សហគ្រាសឱសថកម្ពុជានឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីអនុវត្តគម្រោងនេះជាមួយក្រុមហ៊ុន Sinovac ជាដៃគូសហការអោយបានជោគជ័យ ដើម្បីចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលទទួលបានជោគជ័យដ៏ធំធេង តាមរយៈយុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំងរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដោយគិតមកទល់ពេលនេះបានគ្របដណ្តប់ប្រជាជនទូទាំងប្រទេសជាង៩០ភាគរយ ហើយបាននិងកំពុងត្រៀមចាក់ដូសទី៥ ជូនប្រជាពលរដ្ឋនាពេលឆាប់ៗខាងមុខនេះ។ ជាងនេះទៀត គម្រោងនេះក៏នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យផលិតវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺឆ្លងផ្សេងៗនៅកម្ពុជានាពេលអនាគតផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តម វ៉ាង វិនធាន បានថ្លែងថា ចិន និងកម្ពុជា ជាមិត្តដែកថែប ហើយជាសហគមន៍ជោគវាសនារួមគ្នាតែមួយ។ ចាប់ពីមានវីរុសកូវីដ១៩ផ្ទុះឡើង ចិន កម្ពុជា រួមសុខ រួមទុក្ខជួយគ្នាទៅវិញទៅមក បានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ លើឆាកអន្តរជាតិ។ ហើយកាលពីខែមីនា ឆ្នាំ២០២២កន្លងទៅ ប្រមុខដឹកនាំនៃប្រទេសទាំងពីរ គឺឯកឧត្តម ស៊ី ជីនពីង និងសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ និងរៀបចំផែនការថ្មីក្នុងការជម្រុញ និងបានបង្ហាញនូវមាគ៌ា និងទិសដៅ ក្នុងការអភិវឌ្ឍន៍រវាងចិន និងកម្ពុជា។ ហើយប្រទេសទាំងពីរ កំពុងធ្វើការរួមគ្នា ក្រោមគំនិតឯកភាពរវាងប្រមុខដឹកនាំនៃប្រទេសទាំងពីរ។ សម្រាប់ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩នាថ្ងៃនេះ បានបង្កើតមូលដ្ឋានកាន់តែរឹងម៉ាំ ដើម្បីកសាងរោចក្រវេចខ្ចប់វ៉ាក់សាំងកូវីដ-១៩ និងបានជួយដល់ការផលិតឱសថមួយកម្រិតថែមទៀតនៅកម្ពុជា។
ទន្ទឹមនឹងនោះឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ដោយគោរពតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចកី្តជូនដំណឹងលេខ៦៧៩ ស.ជ.ណ ចុះថ្ងៃទី២៤ ខែវិចិ្ឆកា ឆ្នាំ២០២១ និងតាមការណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ក្នុងនាមក្រសួងសុខាភិបាល សូមសម្តែងនូវការអបអរសាទចំពោះការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ ដែលអាចឲ្យកម្ពុជា មានលទ្ធភាពវេចខ្ចប់វ៉ាក់សាំង និងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក ដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា រួមទាំងជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាផងដែរ។
ជាចុងក្រោយឯកឧត្តម រដ្ឋមន្រី្ត បានបញ្ជាក់ថា គម្រោងវេចខ្ចប់ដំណាក់កាលចុងក្រោយ នៃវ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ និងវីរុសបំលែងថ្មីផ្សេងៗទៀត រាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីសហគ្រាសឱសថកម្ពុជា រយៈពេល៣ឆ្នាំ(២០២៤-២០២៦) សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើបា្រស់ក្នុងប្រទេស៕ អត្ថបទ ៖ រដ្ឋា










