ព្រះសីហនុ៖ ទោះបីរូបសំណាកតោពីរ ជានិមត្ដិរូបខេត្ដព្រះសីហនុ និងធ្លាប់ល្បីកន្លងមកនោះ លែងសូវមានភាពទាក់ទាញដូចរូបសំណាកព្រះថោង នាងនាគ ដែលទើបនឹងត្រូវបានកសាងឡើងថ្មីៗនេះទៀតហើយ។ រូបសំណាកនេះ បាននិងកំពុងទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សានកម្សាន្ដជារៀងរាល់ថ្ងៃ។
ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងកម្សាន្ដនៅខេត្ដព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្ដ បានរៀបចំជួសជុលកែលម្អ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា រូមទាំងរូបសំណាកប្រពៃណីវប្បធម៌ប្រវត្ដិសាស្ត្រមួយចំនួនផងដែរ ក្នុងនោះមានដូចជា រូបសំណាកតោពីរ ព្រះសិវៈ នាងអោមា រាជសីមុខបី ព្រះថោងនាងនាគ ។ល។
ក្នុងចំណោមរូបសំណាកទាំងអស់នេះ គឺរូបសំណាកព្រះថោងនាងនាគ មានប្រជាប្រិយភាពជាងគេ នាពេលបច្ចុប្បន្ន។
រូបសំណាកព្រះថោងនាងនាគ ត្រូវបានអភិសេកជាផ្លូវការ នៅថ្ងៃទី១៦ ខែមេសា ជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមនឹងមន្ដ្រីរាជការ ប្រជាពលរដ្ឋជាច្រើនបានចូលរួម៕
អត្ថបទ៖ គង់ ប៊ុនថា