ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា កម្ពុជាបានសម្រេចចុះហត្ថលេខាទិញវ៉ាក់សាំងកូវីដ-១៩ចំនួន ១០៤.៨៧៣.១៥៧ ដូសបន្ថែមទៀត ដែលវេចខ្ចប់នៅកម្ពុជា ដើម្បីប្រើប្រាស់បម្រុងទុករយៈពេលវែង គឺពីឆ្នាំ ២០២៤-២០២៦។
យោងតាមសារពិសេសសម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី១ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថាមកទល់ពេលនេះកម្ពុជាបានឆ្លងផុតករណីឆ្លង និងករណីស្លាប់ថ្មី ដោយជំងឺកូវីដ-១៩ហើយ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាមកទល់ពេលនេះ យើងអាចសន្និដ្ឋានកាន់តែច្បាស់ថែមទៀតអំពីប្រសិទ្ធភាពវ៉ាក់សាំងកូវីដ-១៩ ពិតជាមានប្រសិទ្ធភាពខ្ពស់ ក្នុងការរុញច្រានឲ្យកម្ពុជាដើរមកដល់ចំណុចនេះ គឺករណីឆ្លងថ្មី និងករណីស្លាប់ថ្មីដោយកូវីដ-១៩ មានអត្រាកម្រិតសូន្យរយៈពេលជាច្រើនថ្ងៃជាប់ៗគ្នានេះ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសក្រើនរំលឹកថា ទោះករណីឆ្លងថ្មី និងករណីស្លាប់ថ្មី មានអត្រាកម្រិតសូន្យក៏ពិតមែន តែកូវីដ-១៩ មិនទាន់បានទៅណាឆ្ងាយពីយើងឡើយ ក្នុងនោះប្រទេសក្បែរខាងក៏នៅមានករណីឆ្លងកម្រិតខ្ពស់នៅឡើយ ដែលទាមទារឲ្យមានការបន្តការប្រុងប្រយ័ត្នខ្ពស់ជានិច្ច និងបង្កើនការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញដល់ប្រជាពលរដ្ឋបន្តទៅទៀត រហូតដល់យើងប្រាកដថាកូវីដ-១៩រលាយរលត់ពីផែនដី។
សម្តេចតេជោ ហ៊ុន សែន ប្រកាសសារជាថ្មីមិនយកលុយថ្លៃចាក់វ៉ាក់សាំងកូវីដ-១៩ ទោះជាត្រូវដល់ដូសទី១០ ឬទីប៉ុន្មានក៏ដោយ ដែលនេះជាសមានចិត្តរបស់រាជរដ្ឋាភិបាលមានចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប និងដើម្បីធានាប្រកដថា ប្រជាពលរដ្ឋខ្មែរទាំងអស់មានសុវត្ថិភាពពីការឆ្លងរីករាលដាល និងករណីស្លាប់ ដោយជំងឺកូវីដ-១៩តទៅទៀត៕