ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបដិសេធដាច់អហង្ការចំពោះគណបក្សនយោបាយមួយចំនួនបានចោទប្រកាន់អាជ្ញាធរថា បានដកប័ណ្ណក្រីក្រពីប្រជាពលនៅតាមមូលដ្ឋាន ដែលមិនបានគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ខណៈការចោទប្រកាន់នេះគឺជាករណីប្រជាភិថុតដើម្បីកេងចំណេញការឃោសនានយោបាយរបស់ពួកគេតែប៉ុណ្ណោះ។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច ឯកឧត្តម ឈួរ សុបញ្ញា បានថ្លែងតាមរយៈតេលេក្រាមនាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះថា កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ មានគណបក្សនយោបាយ និងសារព័ត៌មានមួយក្តាប់តូច ដែលមាននិន្នាការប្រឆាំង និងរាជរដ្ឋាភិបាលបានផ្សព្វផ្សាយ និងឃោសនាអកុសលថា អាជ្ញាធរ ឬក៏មន្រ្តីរាជរដ្ឋាភិបាលបានដកប័ណ្ណក្រីក្រ និងស្ត្រីមានផ្ទៃពោះចេញពីពួកគេ ដោយសារតែពួកគាត់មិនបានគាំទ្រដល់គណបក្សប្រជាជនកម្ពុជានោះ។
តាមរយៈសារសំឡេងនេះដែរ ឯកឧត្តម ឈួរ សុបញ្ញា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់កុំចាញ់បោកការឃោសនាអកុសលរបស់ក្រុមប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយអគតិទាំងនោះឲ្យសោះ ខណៈមូលនិធិជាតិជំនួយសង្គមសម្រាប់ជូយដល់បងប្អូនក្រីក្រ នៅបន្តដោយគ្មានគិតអំពីសាសនា និន្នាការនយោបាយនោះទេ ហើយការឃោសនារបស់ពួកអគតិទាំងនេះទៀតសោធ ក៏ដើម្បីធ្វើជានយោបាយប្រជាភិថុត ក្នុងគោលបំណងលុបបំបាត់ប្រជាប្រិយភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការ បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ចាប់តាំងពីឆ្នាំ២០២០រហូតដល់ខែឧសភា ឆ្នាំ២០២២នេះ គឺបានចំណាយថវិកាជិត៧០០លានដុល្លារអាមេរិក ដោយប្រជាពលរដ្ឋក្រីក្រប្រមាណ៣លាននាក់ទទួលបានអត្ថប្រយោជន៍ ឧបត្ថម្ភសាច់ប្រាក់ប្រចាំខែនេះ៕(អត្ថបទ៖ បាន ចក់)