បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិផ្លូវការ ជាមួយក្រុមជម្រើសជាតិទីម័រខាងកើតនាវេលាម៉ោង ៧យប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ នេះគឺជាការប្រកួតក្នុងស្រុកលើកដំបូងរបស់ក្រុមធំនៃក្រុមគោព្រៃកម្ពុជា សម្រាប់រយៈពេលជាង ២ឆ្នាំចុងក្រោយបន្ទាប់ពីផ្ទុះជំងឺកូវីដ-១៩ កាលពីដើមឆ្នាំ២០២០ កន្លងទៅ។

លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានចាត់ទុកការប្រកួតនេះគឺជាការត្រៀមខ្លួនសម្រាប់ចូលរួមវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ជើងឯកអាស៊ី AFC Asian Cup 2023 នៅប្រទេសឥណ្ឌានាពេលឆាប់ៗខាងមុខ ។ លោករំពឹងថា កូនក្រុមរបស់ខ្លួននឹងធ្វើបានល្អប្រសើរក្នុងការប្រកួតនេះ ទោះបីលោកបានមើលឃើញពីភាពខ្លាំងរបស់ក្រុមទីម័រខាងកើតយ៉ាងណាក៏ដោយ។ ចំណែកលោក Fábio Joaquim Maciel da Silva គ្រូបង្វឹកក្រុមជម្រើសជាតិទីម័រខាងកើត បានបង្ហាញអារម្មណ៍រីករាយដែលបានជួបកម្ពុជាជាថ្មី ក្នុងជំនួបលក្ខណៈមិត្តភាពអន្ដរជាតិ ។ លោករំពឹងថា ការប្រកួតនេះនឹងក្លាយជាការប្រកួតដ៏រំភើប និងអស្ចារ្យ ហើយលោកក៏សង្ឃឹមថា នឹងមានអ្នកគាំទ្រច្រើនកុះករចូលរួមទស្សនាការប្រកួតនេះដែរ។
សូមបញ្ជាក់ថា ជំនួបមិត្តភាពអន្ដរជាតិនេះនឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៧យប់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងមានការផ្ទាល់ដោយក្រុមការងារទូរទស្សន៍ BTV-News។ បន្ទាប់ពីចប់ការប្រកួតមិត្តភាពអន្ដរជាតិនេះ ក្រុមគោព្រៃកម្ពុជាគ្រោងនឹងធ្វើដំណើរទៅប្រទេសឥណ្ឌានាពេលឆាប់ៗ ដើម្បីចូលរួមប្រកួតវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ AFC Asian Cup 2023 ដែលកម្ពុជាស្ថិតក្នុងពូល D ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌា ហុងកុង និងអាហ្វហ្គានីស្ថាន ខណៈការប្រកួតនឹងធ្វើឡើងពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា