បាល់ទាត់៖ នៅសល់ពេល ១៣ថ្ងៃទៀតប៉ុណ្ណោះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Trophy Tour នឹងត្រូវដង្ហែមកដល់ប្រទេសកម្ពុជា ពោលគឺនៅម៉ោង ១០ព្រឹកថ្ងៃទី១៥ ខែមិថុនាខាងមុខ ដែលនឹងមានការអញ្ជើញទទួលស្វាគមន៍ផ្ទាល់ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្ដិភាព។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាត់ទុកនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រមួយ ហើយការដង្ហែពាន FIFA World Cup នេះនឹងរួមចំណែកលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តដល់កម្ពុជា ដើម្បីជំរុញការផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ឲ្យមានការគាំទ្រជាសកលថែមទៀត។ យោងតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីថ្មីៗ កម្មវិធីសំខាន់ៗក្រោយដំណើរគោលចរពានរង្វាន់បាល់ទាត់ពិភពលោកមកដល់កម្ពុជា នឹងមានក្បួនដង្ហែពាននេះពីព្រលានយន្ដហោះអន្ដរជាតិភ្នំពេញមកកាន់វិមានសន្ដិភាព ដោយពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោកនេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន។
បន្ទាប់មកនឹងមានការនាំយកពានរង្វាន់បាល់ទាត់ពិភពលោកនេះ ទៅដាក់តាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ កន្លែងដែលកម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដើម្បីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបផ្ទាល់ជាមួយពានរង្វាន់បាល់ទាត់ពិភពលោកនេះ ចាប់ពីម៉ោង ១រសៀលរហូតដល់ម៉ោង ១០យប់អមជាមួយតន្ដ្រីសម័យកំដរទៀតផង។ តាមរយៈនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអំពាវនាវឲ្យប្រជាពលរដ្ឋ ក៏ដូចជាយុវជន-យុវនារី និងអ្នកស្នេហាវិស័យកីឡាបាល់ទាត់ ចូលរួមព្រឹត្តិការណ៍នេះឲ្យបានច្រើនកុះករដើម្បីអបអរសាទរ និងបង្ហាញនូវមោទនភាពជាតិ ចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជានេះ៕
អត្ថបទ៖ លី ឈុនឡា