បាល់ទាត់៖ ខ្សែប្រយុទ្ធវែល Gareth Bale បានបញ្ជាក់នៅថ្ងៃពុធម្សិលមិញនេះថា ពេលវេលារបស់គេជាមួយ Real Madrid បានឈានដល់ទីបញ្ចប់ហើយ ក្រោយចំណាយពេល ៩ឆ្នាំនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ។ កីឡាករវ័យ ៣២ឆ្នាំរូបនេះនឹងអស់សុពលភាពកិច្ចសន្យានៅដំណាច់ខែមិថុនានេះហើយ។

Gareth Bale បាននិយាយថា រយៈពេល ៩ឆ្នាំជាបទពិសោធន៍ដ៏អស្ចារ្យសំរាប់អាជីពរបស់គេ និងអរគុណដល់អ្នកគាំទ្រ មិត្តរួមក្រុម និងក្រុមការងារទាំងអស់ក៏ដូចជាអ្នកចាត់ការបច្ចុប្បន្នដែលនៅពីក្រោយរូបគេ។ អនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានសំរាប់ Gareth Bale គឺជាអ្នកស៊ុតបញ្ចូលទីពីរគ្រាប់នៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ២០១៨ យកឈ្នះ Liverpool និងគ្រាប់បាល់ដ៏អស្ចារ្យមួយទៀតនៅពេលយកឈ្នះ Barcelona លើកពាន Copa del Rey នៅឆ្នាំ២០១៤។
អាជីពរបស់ Bale នៅ Real Madrid ត្រូវបានរំខានខ្លាំងដោយសារបញ្ហារបួស ខណៈរយៈពេល ៩ឆ្នាំនៅ Real Madrid, Gareth Bale បង្ហាញខ្លួន ២៥៨ប្រកួតស៊ុតបញ្ចូលទីបាន ១០៦គ្រាប់ ឈ្នះពាន La Liga ៣លើក និង UEFA Champions League ៥លើក៕
អត្ថបទ៖នាង សុភាវុធ