ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំគណបក្សនយោបាយ ឬ/និងបេក្ខជន មិនត្រូវធ្វើសកម្មភាព កៀរគរ ប្រមូលកម្លាំងពី រាជធានី-ខេត្តណាមួយ ទៅធ្វើសកម្មភាពនៅរាជធានី ឬខេត្តផ្សេង ក្នុងចេតនាបង្កចលាចល អសន្តិសុខសង្គម ដើម្បីបំផ្លាញយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតនោះឡើយ។
ទន្ទឹមនឹងនោះគ.ជ.ប អំពាវនាវឱ្យចូលរួមក្នុងកិច្ចការពារ ថែរក្សា បរិយាកាសសន្តិសុខសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតឱ្យបានល្អប្រសើរ ដោយមិនត្រូវធ្វើសកម្មភាពណាមួយ ដែលផ្ទុយពីគោលការណ៍នៃច្បាប់បោះឆ្នោត បទបញ្ជ និងនីតិវិធីនៃការបោះឆ្នោត ក្រមសីលធម៌សម្រាប់គណបក្សនយោបាយ និងបេក្ខជនក្នុង ដំណើរការបោះឆ្នោត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗជាធរមាន៕
