បាល់ទាត់៖ ខ្សែការពារវ័យចំណាស់អ៊ីតាលី Giorgio Chiellini បានលាអ្នកគាំទ្ររបស់ខ្លួនក្រោយការប្រកួតទល់នឹងអាហ្សង់ទីនយប់មិញ ដែលជាការប្រកួតចុងក្រោយរបស់គេនៅក្រុមជំរើសជាតិ។

ខ្សែការពារកណ្តាលវ័យ ៣៧ឆ្នាំរូបនេះបានប្រកាសពីការសំរេចចិត្តចូលនិវត្តន៍ ពីក្រុមជំរើសជាតិអ៊ីតាលីតាំងពីដើមឆ្នាំម្ល៉េះ រង់ចាំតែការប្រកួតចុងក្រោយយប់មិញនេះទេ ដែលអ៊ីតាលីចាញ់អាហ្សង់ទីនក្នុងជំនួប Finalissima រវាងក្រុមជើងឯកអាមេរិកខាងត្បូង និងអឺរ៉ុបនៅលើទឹកដី Wembley ចក្រភពអង់គ្លេស។ ត្រូវបានកោះហៅចូលក្រុមជំរើសជាតិអ៊ីតាលីដំបូងនៅឆ្នាំ២០០៤, Giorgio Chiellini ឈរលេខ៥ ក្នុងតារាងកីឡាករបង្ហាញខ្លួនបានច្រើនជាងគេឱ្យក្រុមជំរើសជាតិស្មើនឹង Andrea Pirlo។
ក្រៅពីការចូលនិវត្តន៍ពីក្រុមជំរើសជាតិអ៊ីតាលី Chiellini ក៏បានចាកចេញពីក្លិបសេះបង្កង់ Juventus ផងដែរក្រោយបញ្ចប់រដូវកាលកន្លងមកនេះក្រោយចំណាយពេលអស់ ១៧ឆ្នាំ ឈ្នះជើងឯកលីគកំពូលអ៊ីតាលី Serie A ៩លើកជាមួយ Juventus ក៏ដូចជា Coppa Italia ៥លើកតាំងពីផ្លាស់ពី Fiorentina នៅឆ្នាំ២០០៥៕
អត្ថបទ៖នាង សុភាវុធ