បាល់ទាត់៖ ជំនួបជើងទី២ រវាងក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ និងសមាគមកីឡាខេត្ដព្រះវិហារក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ២០២១ បានបន្ដលើកពេលម្ដងទៀតហើយ បន្ទាប់ពីផ្ទុះអ្នកវិជ្ជមានកូវីដ-១៩ ហើយមានអ្នកប៉ះពាល់ផ្ទាល់ និងប៉ះពាល់ដោយប្រយោលជាច្រើនកាលពីពេលថ្មីៗ។
យោងតាមការជូនដំណឹង របស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC នៅរាត្រីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា ជំនួបជើងទី២ រវាងខេត្តត្បូងឃ្មុំ និងខេត្តព្រះវិហារ ដែលគ្រោងប្រកួតនាថ្ងៃទី២៧ ខែមីនាខាងមុខនៅទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ ត្រូវបានលើកទៅប្រកួតនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ វិញ។ ការលើកពេលនេះដោយយោងតាមស្ថានភាពជាក់ស្ដែង ស្ដីពីការផ្អាកបណ្ដោះអាសន្ននូវការចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋនៅក្នុងទីតាំងមួយចំនួននៃខេត្តត្បូងឃ្មុំ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក៏ដូចជាកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺដ៏កាចសាហាវនេះ ដែលបង្ខំឲ្យ CNCC សម្រេចពន្យាពេលតែម្ដង។
នេះគឺជាលើកទី២ ហើយដែល CNCC បានលើកពេលការប្រកួតរវាងខេត្តត្បូងឃ្មុំ និងខេត្តព្រះវិហារក្រោមហេតុផលស្រដៀងគ្នា គឺដើម្បីបង្ការជំងឺកូវីដ-១៩ ដ្បិតដំបូងឡើយជំនួបជើងទី២ នេះគ្រោងប្រកួតនាថ្ងៃទី១៦ ខែមីនា តែត្រូវបានលើកមកប្រកួតថ្ងៃទី២៧ ខែមីនា មុនបន្ដលើកពេលទៅប្រកួតនាថ្ងៃទី០៤ ខែមេសាខាងមុខ។ គួរដឹងថា កាលពីជើងទី១ ត្បូងឃ្មុំបានយកឈ្នះព្រះវិហារក្រៅដី ៤-២។ បច្ចុប្បន្នត្បូងឃ្មុំនៅសល់តែ ១ប្រកួតក្នុងដៃប៉ុណ្ណោះសម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល F ដ្បិតពួកគេបានកក់កៅអីវគ្គ ១៦ក្រុមចុងក្រោយរួចទៅហើយ បន្ទាប់ពីឈ្នះ ៣ប្រកួតផ្ទួនៗ ផ្ទុយពីខេត្តព្រះវិហារដែលមិនទាន់មានពិន្ទុរាប់នៅឡើយ ក្រោយចាញ់ត្បូងឃ្មុំ និងខេត្តរតនគិរីកាលពីជើងទី១។ យ៉ាងណាមិញពួកគេនៅសល់ ២ប្រកួតទៀត ដើម្បីប្រជែងឱកាសឡើងវគ្គបន្ដ៕ អត្ថបទ៖ លី ឈុនឡា
