ភ្នំពេញ៖ មន្រ្តីទូតអាមេរិកប្រចាំនៅកម្ពុជា ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានស្វែងយល់ពីសក្តានុពលវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ននៅកម្ពុជា ស្របពេលដែលកម្ពុជា កំពុងជំរុញកសាងហេដ្ឋារចនាសម្ព័នដឹកជញ្ជូន ដើម្បីចូលរួមលើកកម្ពស់ប្រសិទ្ធនៃការដឹកជញ្ជូន និងឡូជីស្ទីក។
លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Moses An មន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។
ជំនួបនេះ មានគោលបំណងដើម្បីពិភាក្សាស្វែងយល់អំពីកាលានុវត្តភាពពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនអាមេរិកនៅក្នុងគម្រោងអភិវឌ្ឍន៍នានារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលបច្ចុប្បន្ន និងនាពេលអនាគត ក៏ដូចជាដើម្បីស្វែងរកឱកាសសម្រាប់ការផ្ដល់ជំនួយបច្ចេកទេសដែលអាចធ្វើទៅបានតាមរយៈកម្មវិធីតភ្ជាប់មេគង្គបូព៌ា-បស្ចឹម តាមរយៈក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក។
ក្នុងជំនួបខាងលើនេះ លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនអំពីគម្រោងសម្រេចបាន គម្រោងកំពុងអនុវត្តបន្ត និងគម្រោងនាពេលអនាគតដែលរួមមាន៖ គម្រោងអភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវទឹកការដឹកជញ្ជូនផ្លូវគោក ការដឹកជញ្ជូនតាមផ្លូវដែក គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះ គម្រោងអភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវទឹកតាមទន្លេបាសាក់ និងការអភិវឌ្ឍកំពង់ផែដើម្បីចូលរួមកាត់បន្ថយការចំណាយផ្នែកភស្តុភារកម្ម។
បន្ថែមពីលើនេះ លោកជំទាវ ក៏បានលើកឡើងផងដែរទាក់ទងទៅនឹងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលជាបញ្ហាគួរឱ្យព្រួយបារម្ភរបស់កម្ពុជា ផែនការមេភស្តុភារកម្មកម្ពុជាដែលមានគម្រោងអភិវឌ្ឍន៍ចំនួន៣៣០គម្រោង ការបង្កើតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សម្រាប់ការបណ្ដុះបណ្ដាលវិស្វករជំនាន់ក្រោយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ការធ្វើទំនើបកម្មយានយន្តដឹកជញ្ជូនទំនិញ បម្រែបម្រួលអាកាសធាតុ និងបញ្ហាឆ្លងកាត់ព្រំដែនជាដើម។
លោក Moses An បានសំដែងចំណាប់អារម្មណ៍លើការអភិវឌ្ឍវិស័យមួយ ចំនួនដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានការីកចម្រើន ដែលក្នុងនោះរួមមាន៖ ភាពធន់នឹងបម្រែបម្រួលអាកាសធាតុ ការធ្វើផែនការផ្អែកលើការអនុវត្ត អភិបាលកិច្ច បញ្ហាឆ្លងកាត់ព្រំដែន សុវត្ថិភាពផ្លូវថ្នល់ យេនឌ័រ/បរិយាបន្នសង្គម/សមធម៌ និងការតភ្ជាប់ពហុមធ្យោបាយ។
លោក Moses An បានស្នើឱ្យមានមន្ត្រីទទួលបន្ទុកការងារទំនាក់ទំនង (Focus Point) រវាងភាគីទាំងពីរ ដើម្បីសម្របសម្រួលលើការងារផ្សេងៗ ជាពិសេសសម្របសម្រួលកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ រវាងក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក និងក្រសួងសាធារណការ និងដឹកជញ្ជូន របស់កម្ពុជានាពេលខាងមុខ ដើម្បីពិភាក្សាលម្អិតលើគម្រោងសហការមួយចំនួន៕ អត្ថបទ៖ វណ្ណៈ


