ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លង និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃទី៣១ខែឧសភានេះថា ថ្មីៗនេះកម្ពុជាបានរកសង្ស័យ ជំងឺអ៊ុត ស្វាចំនួន៦ករណី ប៉ុន្តែក្រោយពីយកវត្ថុវិភាគទៅពិនិត្យ នៅវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជាលទ្ធផល បង្ហាញថាអវិជ្ជមានទាំងអស់។
លោកវេជ្ជបណ្ឌិត បានបន្តថា រហូតមកដល់ ពេលនេះនៅមិនទាន់មានអ្នកដំណើរ មកពីក្រៅ ប្រទេស ណាម្នាក់ត្រូវបានរកឃើញថា មានឆ្លងជំងឺអ៊ុតស្វានៅឡើយ ទេពោលគឺមានតែករណី សង្ស័យចំនួន ៦ ករណី នៅក្នុងស្រុកប៉ុណ្ណោះដោយពួកគាត់ មានរោគសញ្ញាកន្ទួលនៅលើស្បែកហើយត្រូវបាន ក្រុមការងារឆ្លើយតបបន្ទាន់យកវត្ថុសំណាកទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជាហើយជាលទ្ធផល អវិជ្ជមានទាំងអស់មិនមែនជាជំងឺអ៊ុតស្វាទេវាជាជំងឺផ្សេងដែលចេញរោគសញ្ញាកន្ទួលនៅលើស្បែកដែរ។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ទោះបើជាមិនមានករណីឆ្លងជំងឺអ៊ុតស្វា ក៏មន្ត្រីឆ្លើយតបបន្ទាន់ នៅទូទាំងប្រទេសបន្តរុករកជំងឺនេះ ជាបន្តទៀតទាំងនៅតាមព្រំដែន និងនៅក្នុងសហគមន៍។
លោកវេជ្ជបណ្ឌិតបានលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋដែលឃើញករណីសង្ស័យ មានជំងឺអ៊ុតស្វាដែលមានរោគសញ្ញាដូចជាក្តៅខ្លួនឈឺក្បាលខ្លាំង ហើមកូនកណ្ដុរឈឺសាច់ដុំ និងចេញ កន្ទួលដែលមានពងបែកកន្តួលមានទំនោរប្រមូលផ្ដុំនៅលើមុខ បាតដៃ និងបាតជើង មាត់ត្រូវប្រញាប់ រាយការណ៍ទៅអាជ្ញាធរសុខាភិបាល ឬតេទៅលេខ ១១៥ ជាបន្ទាន់ដើម្បីយកវត្ថុវិភាគ ទៅធ្វើរោគវិនិច្ឆ័យរកជំងឺអ៊ុតស្វាឱ្យបានទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិត បានលើកឡើងទៀតថា ជំងឺអ៊ុតស្វានេះ ត្រូវបានគេរកឃើញនៅប្រទេសអាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្តាលដែលបច្ចុប្បន្ននេះ បានឆ្លងនៅក្នុងសហគមន៍នៃបណ្តាប្រទេសអឺរ៉ុបមួយចំនួន កាណាដា អូស្ត្រាលី និងអាមេរិក ដោយអ្នកជំងឺទាំងនោះមិនបានធ្វើដំណើរទៅអាហ្វ្រិកនោះទេ។
ថ្មីៗនេះប្រទេសថៃ ជាប់ប្រទេសកម្ពុជាក៏បានរកឃើករណីជំងឺអ៊ុតស្វា ១ករណី និងសង្ស័យ១២ករណី ដែលអ្នកឆ្លងបានធ្វើដំណើរមកពីអឺរ៉ុបដែលត្រូវធ្វើចត្តាឡីស័ក៧ថ្ងៃ ក្នុងករណីអត់ចេញរោគសញ្ញាតែបើចេញរោគសញ្ញា ឬវិជ្ជមានត្រូវព្យាបាលជំងឺប្រើរយៈពេល២១ថ្ងៃ៕អត្ថបទ៖ ឌី ពៅយី
