ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីរាជធានីភ្នំពេញ បានកោតសរសើរចំពោះមន្ត្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការចូលរួមទប់ស្កាត់ជម្ងឺកូវីដ-១៩ រហូតទទួលបានជោគជ័យ ដែលធ្វើឱ្យជម្ងឺកូវីដ-១៩ ក្នុងរយៈពេល២៦ថ្ងៃនេះ មិនមាននៅកម្ពុជា។
ការថ្លែងកោតសរសើររបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នាសាលារាជធានីភ្នំពេញ ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការជោគជ័យទៅលើការគ្រប់គ្រងជម្ងឺកូវីដ-១៩ តាមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺពិតជាមានការចូលរួមចំណែកមិនអាចខ្វះបានពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បើទោះបីមន្ដ្រីមួយចំនួនបានឆ្លងនូវជម្ងឺដ៏កាចសាហាវនេះក៏ដោយ ក៏មន្ដ្រីមិនរុញរា និងតស៊ូជាមួយសម្តេចតេជោ ហ៊ុន សែន រហូតទទួលបានជោគជ័យ ដែលបានធ្វើឱ្យប្រទេសជាតិវិលទៅរកប្រក្រតីភាពជាធម្មតាឡើងវិញ។
ក្នុងនោះដែរឯកឧត្តម ក៏ស្នើឱ្យមន្ដ្រីបន្តខិតខំបំរើសេវានេះ ឱ្យកាន់តែល្អបន្ថែមទៀត។ បន្ថែមពីនេះ ឯកឧត្តម ឃួង ស្រេង ក៏បានស្នើមន្ត្រីទាំងអស់ត្រូវទៅបំពេញតួនាទីជាប្រជាពលរដ្ឋ ដោយទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី០៥ មិថុនានេះ។
ឯកឧត្តម ឃួង ស្រេង ក៏បានលើកឡើងពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ៨ខែនិង២០ឆ្នាំ ដែលប្រជាពលរដ្ឋកម្ពុជាបានទទួលរងនូវទុក្ខវេទនាបំផុត ដោយប្រជាពលរដ្ឋកម្ពុជា ហូបមិនឆ្អែត រងនូវការធ្វើទារុណកម្ម កាប់សម្លាប់យ៉ាងរង្គាល ។ តែដោយគុណសម្តេចតេជោ ហ៊ុន សែន បានរំដោះប្រទេសកម្ពុជាដ៏កំសត់មួយនេះ ចេញពីរបបដ៏យង់ខ្នង និងខ្មៅងងឹត ចេញពីចំណុចសូន្យ ដោយមិនមានអ្វីៗទាំងអស់ និងបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនរហូតមកដល់ពេលបច្ចុប្បន្ននេះ ដូច្នេះជាមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយល់ឱ្យបានច្បាស់ពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជា ពីវីរៈភាពរបស់សម្តេចតេជោ ហ៊ុន សែន បើគ្មានសម្តេចតេជោ ហ៊ុន សែន ទេ ប្រទេសជាតិមិនមានអ្វីដូចពេលនេះទេ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



