កោះកុង៖ អភិបាលស្រុកបូទុមសាគរ ខេត្តកោះកុង ផ្តើមប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋដែលជាម្ចាស់សិទ្ធិដល់លំនៅដ្ឋានតែម្តង ដោយអាជ្ញាធរស្នើសុំពលរដ្ឋចាំបាច់ថែរក្សាឯកសារនេះ ឱ្យបានល្អគង់វង្ស។
អ្វីដែលជាសេចក្តីត្រូវការ និងភាពកក់ក្តៅរបស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំតានូន និងឃុំថ្មស បានមកដល់ហើយ ដោយអាជ្ញាធរស្រុកបូទុមសាគរសហការជាមួយរដ្ឋបាលខេត្តកោះកុង មន្ទីរជំនាញ កំពុងដុតដៃដុតជើងខ្លាំង ដើម្បីចុះទៅដល់ខ្នងផ្ទះពលរដ្ឋប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុដែលពួកគាត់ទើបតែទទួលដោះស្រាយសំណងរបស់រាជរដ្ឋាភិបាល កាលពីពេលថ្មីនេះផង និងតាំងពីជំនាន់យុវជនស្ម័គ្រចិត្តវាស់វែងដីធ្លីលេខ០១ផង។
លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានប្រាប់BTV ឱ្យដឹងនៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ថា វិញ្ញាបនបត្រសម្គាល់អចលនវត្ថុដែលប្រគល់ជូនប្រជាពលរដ្ឋនៅពេលនេះ ទាំងដីលំនៅដ្ឋានទំហំកន្លះហិចតា ខ្លះដីចម្ការ១ហិចតា ដីចម្ការ២ហិចតា និងដីចម្ការ៣ហិចតា។
បើតាមលោក ហាក់ ឡេង យន្តការផ្តើមផ្តល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះរបស់ពួកគាត់យ៉ាងដូច្នេះ ដោយសារតែទើបតែរាជរដ្ឋាភិបាលធ្វើប្រទានកម្ម និងចុះហត្ថលេខាពីអាជ្ញាធរខេត្ត និងមន្ទីរជំនាញមក។ ជាពិសេស ដើម្បីកាត់បន្ថយការចំណាយ និងលើកទឹកចិត្តដល់ពលរដ្ឋរស់នៅអាស្រ័យដល់ដីធ្លីផ្ទះសម្បែង ចំពោះថ្លៃសេវាសុរិយោដី គឺមិនតម្រូវឱ្យចំណាយទេ ជាបន្ទុករបស់រដ្ឋ។
ប៉ុន្មានថ្ងៃមកនេះ តាមការចង្អុលបង្ហាញណែនាំ និងការអនុញ្ញាតពីលោកស្រី មិថុនា ភូថង អភិបាល ខេត្តកោះកុង លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានកោះហៅអស់អភិបាលក្រុងស្រុកចំណុះឱ្យរដ្ឋបាលខេត្ត ប្រគល់នូវវិញ្ញាបនបត្រសម្គាល់អចលនវត្ថុរាប់ម៉ឺនក្បាលជូនដល់ប្រជាពលរដ្ឋនៅក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា ស្រុកកោះកុង ស្រុកថ្មបាំង ស្រុកបូទុមសាគរ ស្រុកគិរីសាគរ និងស្រុកស្រែអំបិល៕ អត្ថបទ៖ ឈឹម មករា



