ភ្នំពេញ៖ រដ្ឋាភិបាលអាល្លឺម៉ង់ សន្យាផ្តល់ឥណទានសម្បទានចំនួន ៣០ លានអឺរ៉ូ សម្រាប់គម្រោងប្រសិទ្ធភាពថាមពល នៃគម្រោងផ្គត់ផ្គង់អគ្គិសនីជនបទដំណាក់កាលទី II ដើម្បីបង្កើន និងគាំទ្រឱ្យបានទូលំទូលាយ នូវប្រសិទ្ធិភាពថាមពល និងការផ្គត់ផ្គង់ថាមពលនៅតាមទីជនបទនៅក្នុងប្រទេស។
កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ នេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា នៅថ្ងៃទី ៣១ខែឧសភា ឆ្នាំ២០២២។
ក្រោមកិច្ចព្រៀងក្របខ័ណ្ឌនេះ រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សន្យាផ្តល់ឥណទានសម្បទានមួយថ្មីទៀត ចំនួន ៣០លានអឺរ៉ូ សម្រាប់គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ II ដែលការងារនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន ជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) នៅពេលក្រោយ បន្ទាប់ពីសិក្សាលម្អិតត្រូវបានធ្វើរួចរាល់។
គម្រោងថ្មីនេះ គឺជាការបន្តគាំទ្រផ្ដល់ឥណទានសម្បទានបន្ថែម សម្រាប់គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ II នេះ ដែលគាំទ្រដល់ការបំពេញបន្ថែមទៅដល់កិច្ចខិតខំប្រឹងប្រែង និងការផ្តល់កិច្ចសហប្រតិបត្តិការល្អប្រសើរជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើន និងគាំទ្រឱ្យបានទូលំទូលាយនូវប្រសិទ្ធិភាពថាមពល និងការផ្គត់ផ្គង់ថាមពលនៅតាមទីជនបទនៅក្នុងប្រទេស។
សូមបញ្ជាក់ថា ឥណទានសម្បទាន ពីរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) លើកទី១, កម្ពុជាទទួលបាននៅឆ្នាំ២០១៩ ចំនួន ៣០ លានអឺរ៉ូ សម្រាប់គាំទ្រការអនុវត្តគម្រោងប្រសិទ្ធភាពថាមពល សម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ និងបន្ទាប់មកនៅឆ្នាំ ២០២០ ដែលមានចំនួន ៣០ លានអឺរ៉ូ ដូចគ្នា សម្រាប់ហិរញ្ញប្បទានដល់កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា ។
ក្នុងរយៈពេលប្រមាណ ៣០ ឆ្នាំនេះ ប្រទេសអាល្លឺម៉ង់ ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលបានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងច្រើនជាងគេ បើប្រៀបធៀបនឹងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបដទៃទៀត។
គិតចាប់ពីឆ្នាំ ១៩៩២ ដល់ដំណាច់ឆ្នាំ ២០២១ រដ្ឋាភិបាលសាធារណសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា សរុបប្រមាណ ៧២០ លានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទាន មានចំនួនប្រមាណ ៧០ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៦៥០ លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី


