អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រើសុន្ទរកថាប្រចាំថ្ងៃរបស់លោកដើម្បីថ្លែងក្នុងទិវាកុមារអន្តរជាតិដោយបាននិយាយថា យ៉ាងហោចណាស់មានកុមារចំនួន 700នាក់បានរងរបួស ឬរងទុក្ខនៅក្នុងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

លោក Zelenskyy បានបង្ហាញឈ្មោះកុមារ 10នាក់ដែលបានបាត់បង់ជីវិត និងបាននិយាយថា កុមារសរុប 243នាក់បានស្លាប់ និង 446នាក់បានរងរបួស ហើយទាំងនេះគ្រាន់តែជាអ្នកដែលយើងដឹងតែប៉ុណ្ណោះ យើងមិនទាន់ទទួលបានព័ត៌មានទាំងអស់ពីដែនដីដែលត្រូវបានគេចូលកាន់កាប់នាពេលបច្ចុប្បន្ននេះទេ។ មេដឹកនាំអ៊ុយក្រែនបាននិយាយថា កុមារអ៊ុយក្រែនជាង 200,000នាក់ត្រូវបាននិរទេសទៅកាន់ប្រទេសរុស្ស៊ី ហើយពួកគេមួយចំនួនត្រូវបានប្តូរទីលំនៅទៅកាន់តំបន់ដាច់ស្រយាល។ បំណងនៃគោលនយោបាយឧក្រិដ្ឋកម្មនេះ មិនមែនត្រឹមតែដើម្បីលួចយកមនុស្សប៉ុណ្ណោះទេ ប៉ុន្តែដើម្បីធ្វើឱ្យអ្នកនិរទេសទាំងអស់បំភ្លេចអ៊ុយក្រែន និងមិនអាចវិលត្រឡប់មកវិញ។
លោក Zelenskyy កាលពីថ្ងៃពុធបានលើកឡើងពីសន្តិសុខ និងការអភិវឌ្ឍន៍ថា ជាបញ្ហាសំខាន់បំផុតសម្រាប់អនាគតរបស់ប្រទេសលោក។ លោក Zelenskyy បានថ្លែងទៅកាន់កុមារអ៊ុយក្រែនតាមបណ្ដាញវីដេអូ ក្នុងពិធីប្រារព្ធទិវាកុមារអន្តរជាតិដោយបានប្រាប់កុមារទាំងអស់ ដែលបានរត់គេចពីសង្គ្រាមទៅកាន់ប្រទេសប៉ូឡូញថា លោកនឹងប្រារព្ធទិវាដោយផ្ទាល់ជាមួយពួកគេ នៅពេលពួកគេវិលត្រលប់មកប្រទេសវិញ៕
អត្ថបទ៖ ប៊ុនថន