ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាននៅថ្ងៃទី ២ខែមិថុនា ២០២២នេះ បានទទួលជួបសប្បុរជនតំណាងមកពីក្រុមហ៊ុន ROYAL GROUP ដែលបានឧបត្ថម្ភថវិកាចំនួន ៥០០.០០០ដុល្លារ (ហាសិបម៉ឺនដុល្លារអាម៉េរិក) តាមរយៈអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ជូនកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន បានពាំនាំប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមហ៊ុន ROYAL GROUP ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាអគ្គនាយក បានចូលរួមបរិចា្ចគថវិកាក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០២២នេះ សម្រាប់កាកបាទក្រហមកម្ពុជា បានបន្តសកម្មភាពមនុស្សធម៌តទៅមុខទៀត។
លោកជំទាវអគ្គលេខាធិការ បានឱ្យដឹងថា សម្រាប់ការកៀងគររកជំនួយឧបត្ថម្ភទិវា៨ឧសភាឆ្នាំនេះ ហាក់មានសន្ទុះខ្លាំងជាងរាល់ឆ្នាំ បីទោះជាកន្លងមកស្ថិតក្នុងវិបត្តកូវីដ-១៩ក៏ដោយ រឺឯចំនួនវិញក៏មានការកើនឡើងផងដែរ។
លោកជំទាវ បានបញ្ជាក់ថា ការដែលមានសន្ទុះកើនឡើងនេះ គឺមកពីប្រជាពលរដ្ឋមានការយល់ដឹងច្រើន អំពីសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមក្រហមកម្ពុជា ក្នុងការចែករំលែកធនធានផ្ទាល់ខ្លួន ទោះបីតិចក្តី ច្រើនក្តី នេះគឺជាទឹកចិត្តដ៏ល្អមួយ របស់ប្រជាពលរដ្ឋខ្មែរយើង ក្នុងសម័យសុខសន្តិភាពនេះ។
តំណាងក្រុមហ៊ុន ROYAL GROUP លោក ម៉ាក់ ហាន់ណា អគ្គនាយកហិរញ្ញវត្ថុ រ៉ូយ៉ាល់គ្រុប ពិតជាក្តីសប្បាយរីករាយ និងអរគុណដល់កាកបាទក្រហមកម្ពុជា ដែលមានហ្លូងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តយស និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលផ្តល់ឱកាសឱ្យក្រុមហ៊ុន បានចែករំលែក និងចូលរួមបរិច្ចាគថវិកាមួយចំនួន ជូនកាកបាទក្រហមកម្ពុជា សម្រាប់ក្នុងឱកាសទិវា ៨ឧសភា ២០២២។
លោកជំទាវអគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា ជំនួយដែលបានមកពីសប្បុរសធម៌នានា គឺបាកបាទក្រហមកម្ពុជា បានយកទៅធ្វើជា អណ្តូងទឹក បន្ទប់ទឹក ស្ថានីយលាងដៃនៅតាមសាលារៀនទីជនបទ ធ្វើផ្ទះជូនអតីតយុទ្ធជន ឧបត្ថម្ភទៅតាមមន្ទីពេទ្យ តាមអង្គការកុមាកំព្រា ជនមានពិការភាព ជនចាស់ជរាឥតទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត និងគ្រោះធម្មជាតិផ្សេងៗទៀត។
ជាក់ស្តែងដូចក្នុងរយៈពេលថ្មីៗកន្លងមកនេះ គឺក្រុមកាងារកាកបាទក្រហមកម្ពុជា បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុតនៅតាមទីជនបទដាច់ស្រយាលឆ្ងាយៗរហូតចំនួន៨ខេត្ត ដែលកំពុងតែត្រូវការជំនួយជាចាំបាច់៕




