វាយកូនបាល់៖ កីឡាករវាយកូនបាល់ក្រូអាស៊ី Marin Cilic បានកក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam, French Open ហើយក្រោយយកឈ្នះកីឡាកររុស្ស៊ី Andrey Rublev នៅវគ្គ ៨នាក់ចុងក្រោយយ៉ាងតានតឹង។

កីឡាករលំដាប់លេខ ២០ Marin Cilic បានយកឈ្នះដោយលទ្ធផល ៣សិតទល់នឹង ២ ពិន្ទុ ៥-៧, ៦-៣, ៦-៤, ៣-៦ និង ៧-៦(១០-២) ចំណាយពេលជាង ៤ម៉ោងទើបរកចាញ់ឈ្នះឃើញ។ Marin Cilic ធ្វើបានល្អណាស់ក្នុងការចេញសេវារបស់ខ្លួនដោយពិន្ទុបានមកពីការចេញសេវាដល់ទៅ ៣៣លើក និងបានក្លាយជាកីឡាករទី៥ ដែលកំពុងបន្តអាជីពឈានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam ទាំងបួនពានរួមជាមួយ Novak Djokovic, Rafael Nadal, Roger Federer និង Andy Murray។ គូប្រកួតរបស់គេ Cilic នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺកីឡាករណ័រវេយ Casper Ruud ដែលបានយកឈ្នះកីឡាករដាណឺម៉ាក Holger Rune។
កីឡាករវ័យ ១៩ឆ្នាំ Holger Rune បានឈានមកដល់វគ្គ ៨នាក់ចុងក្រោយ Grand Slam ជាលើកដំបូងក្នុងអាជីព ពោលគឺការបង្ហាញខ្លួនដំបូងនៅ Grand Slam តែម្តង។ យ៉ាងណាក្តីស្ថិតិប្រកួតដ៏អស្ចារ្យរបស់កីឡាករវ័យក្មេងដាណឺម៉ាករូបនេះ បានបញ្ចប់ត្រឹមកីឡាករវ័យ ២៣ឆ្នាំណ័រវេយ Casper Ruud ដោយលទ្ធផល ៦-១, ៤-៦, ៧-៦(៧-២) និង ៦-៣។ ដូច្នេះផ្នែកបុរសវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររកឃើញអស់ហើយគឺ Casper Ruud ជួប Marin Cilic និង Rafael Nadal ជួប Alexander Zverev៕
អត្ថបទ៖នាង សុភាវុធ