កំពង់ធំ៖ ថ្លែងទៅកាន់សមាជិកគណបក្ស និងអ្នកគាំទ្រជាង៤០០នាក់ ក្នុងភូមិស្វាយម្សៅ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី២ ខែមិថុនានេះ ឯកឧត្តម ថោង ខុន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបារាយណ៍ និងតាំងគោក ថ្លែងថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតអោយមូលដ្ឋានខ្លួនបន្តការអភិវឌ្ឍ រីកចំរើន ។
ឯកឧត្តម ថោង ខុន ថ្លែងថា ជានិច្ចកាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានជាប់ឆ្នោតពីមួយអាណត្តិទៅមួយអាណត្តិ គឺបានគិតគូខ្លាំងការរៀបចំផ្ទេរធនធាន និងថវិកាពីរដ្ឋបាលថ្នាក់ជាតិទៅឲ្យថ្នាក់រដ្ឋបាលឃុំសង្កាត់ ដើម្បីជម្រុញអោយឃុំសង្កាត់ធ្វើការអភិវឌ្ឍ ស្ថាបនាសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងការផ្តល់សេវាល្អ ជម្រុញជីវភាពពលរដ្ឋមានការរីកចំរើន។
ឯកឧត្តម បន្តថា ក្រៅពីការងារជម្រុញឃុំសង្កាត់មានការអភិវឌ្ឍនេះ សម្តេចតេជោក៏បានផ្តោតយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងទូទាំងប្រទេស ក្នុងនោះសម្រាប់ខេត្តកំពង់ធំ ក៏ដូចខេត្តផ្សេងៗទៀតជុំវិញបឹងទន្លេសាប ទទួលទទួលការគិតគូរជាខ្លាំង ការសម្រេចកាត់ឆ្វៀលដីតំបន់ទន្លេសាប ដើម្បីជូនប្រជាពលរដ្ឋអាស្រ័យផល ទៅតាមតម្រូវការ និងសំណូមពរ ចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដល់ប្រជាពលរដ្ឋមូលដ្ឋានដាច់ស្រយាល។
ឯកឧត្តម បន្តថា ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់មកនេះគឺជាការបង្ហាញនូវសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ហើយគ្មានការបង្ខិតបង្ខំនោះទ្បើយ តែជាឆន្ទៈរបស់ប្រជាពលរដ្ឋពិតៗ ហើយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺបោះឆ្នោតឲ្យខ្លួនឯង បោះឆ្នោតដើម្បីទទួលបានសន្តិភាព និងការអភិវឌ្ឍ៕ អត្ថបទ ស៊ុម សុខជា