កណ្ដាល៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល បានអំពាវនាវទៅដល់បណ្តាប្រជាពលរដ្ឋបានបាត់ ,គ្មាន ឬមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហួសសុពលការប្រើប្រាស់ សូមអញ្ជើញរូតរះទៅទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបំរើឲ្យការបោះឆ្នោត នៅតាមគណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់ និងតាមសាលាឃុំសង្កាត់ ខណៈការធ្វើ ឯ.អ នេះ នឹងបិទបញ្ចប់ឈប់ធ្វើ នៅល្ងាចវេលាម៉ោង៥ ថ្ងៃទី៣ ខែមិថុនាស្អែកនេះ។
លោក ផាន់ រិទ្ធិពល ប្រធាន លេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី២ ខែមិថុនានេះថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធទៅចូលរួមការបោះឆ្នោតលុះត្រាពលរដ្ឋនៅមានឈ្មោះនៅបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២១ ហើយនៅពេលបោះឆ្នោតពលរដ្ឋ ត្រូវយកអត្តសញ្ញាណសញ្ជាតិខ្មែរដែលមិនទាន់សុពលភាពការប្រើប្រាស់ទៅអោយមន្ត្រីការិយាល័យបោះឆ្នោតផ្ទៀងផ្ទាត់ឈ្មោះចូលបោះឆ្នោត ប៉ុន្តែសម្រាប់ពលរដ្ឋដែលបានបាត់អត្តសញ្ញាណ ឬមានអត្តសញ្ញាណប័ណ្ណហួសសុពលភាពការប្រើប្រាស់ ត្រូវមានប័ណ្ណ ឯកសារបញ្ជាក់អត្តសញ្ញាណបំរើអោយការបោះឆ្នោត ឬហៅប័ណ្ណ ឯ.អ ទៅឲ្យមន្ត្រីការិយាល័យបោះឆ្នោតដើម្បីផ្ទៀងផ្ទាត់ឈ្មោះចូលបោះឆ្នោត។
នៅក្នុងដំណើរការបោះឆ្នោតនេះ លោក ផាន់ រិទ្ធិពល ក៏បានអំពាវនាវអោយពលរដ្ឋដែលបានបាត់អត្តសញ្ញាណ ឬមានអត្តសញ្ញាប័ណ្ណហួសសុពលភាពការប្រើប្រាស់ហើយមិនទាន់ទៅធ្វើប័ណ្ណ ឯ.អ នេះសូមរូតរះទៅធ្វើប័ណ្ណ ឯ.អ ខណៈការធ្វើប័ណ្ណ ឯ. អ ដើម្បីទទួលបានសិទ្ធបោះឆ្នោតនេះ នឹងត្រូវបិទបញ្ចប់ឈប់ធ្វើនៅល្ងាចស្អែកនេះ។
លោក ផាន់ រិទ្ធិពល បានប៉ាន់ប្រមាណថា នៅទូទាំងខេត្តកណ្តាល មានពលរដ្ឋត្រូវធ្វើប័ណ្ណ ឯ.អ ប្រមាណ ២ម៉ឺន៨៤៤៨នាក់ ហើយចាប់ពីថ្ងៃទី៥ ខែឧសភា រហូតមកដល់ថ្ងៃទី២ ខែមិថុនានេះ មានពលរដ្ឋបានទៅធ្វើប័ណ្ណ ឯ.អ មានប្រមាណជាង ១ម៉ឺន៦០០០នាក់ ដែលស្មើ ជាង ៦០%នៃចំនួនអ្នកធ្វើសរុប ខណៈ នៅទូទាំងខេត្តកណ្តាល មានពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតចំនួនសរុប ៧៧ម៉ឺន៥៨០៤នាក់៕ អត្ថបទ៖ ស៊ុម សុខជា