កណ្តាល ៖ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល ខេត្តកណ្តាល បានមានប្រសាសន៍ទៅកាន់យុវជនថា ៖ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ពិតជាសំខាន់ណាស់ព្រោះជាមួលដ្ឋានដ៏រឹងមាំសម្រាប់ការបោះឆ្នោតនៅឆ្នាំបន្តបន្ទាប់ទៀត ដូចជាការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ។
ការលើកឡើងរបស់ឯកឧត្តម វង្សី វិស្សុត បែបនេះ ត្រូវបានធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុក ឃុំ ភូមិ ទូទាំងស្រុកមុខកំពូលកាលពីព្រឹកថ្ងៃទី២មិថុនា។
ឯកឧត្តម វង្សី វិស្សុត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ថ្នាក់សមាជិក សមាជិកាគ្រប់ថ្នាក់ ដែលបានធ្វើសកម្មភាពនិងចូលរួមយ៉ាងច្រើនរហូតមកដល់ពេលនេះ។ ឯកឧត្ដមថានេះជាមូលដ្ឋានដ៏រឹងមាំបំផុតរបស់គណបក្សប្រជាជនកម្ពុជា ហើយឯកឧត្ដមគិតថា ពីពេលនេះតទៅរហូតដល់២០ ឬ៣០ឆ្នាំទៀត ការចូលរួមគាំទ្រពីគ្រប់ស្រទាប់ និងយុវជនបែបនេះ គឺនៅតែជាកម្លាំងដ៏រឹងមាំមួយរបស់គណបក្សប្រជាជនកម្ពុជានិងធានាបានជោគជ័យ របស់គណបក្សប្រជាជនកម្ពុជាសម្រាប់រយះពេលវែង។
ដូច្នេះ ការយកចិត្តទុកដាក់របស់គណបក្សប្រជាជនកម្ពុជាចំពោះយុវជនគឺមិនខុសទេ ហើយឯកឧត្ដម ក៏សូមអរគុណចំពោះយុវជនដែលបានគាំទ្រដល់គណបក្សប្រជាជនដើម្បីបុព្វហេតុ នៃសុខសន្តិភាពនិងការអភិវឌ្ឍន៍។
ឯកឧត្តម វង្សី វិស្សុត ក៏បាននាំយកនូវការកោតសរសើរនិងសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនក៏ដូចជាឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពបន្តវេននាយករដ្ឋមន្ត្រីទៅថ្ងៃអនាគតដែលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លានិងការគិតគូរដល់សុខទុក្ខយុវជននិងគណបក្សប្រជាជន ដើម្បីបុព្វហេតុនៃការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បំរើជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយសុខដុមរមនានិងរីកចម្រើនរុងរឿងតទៅទៀត។
ឯកឧត្តមបានយកឱកាសនេះ ជំរាបជូនថា តើការបោះឆ្នោតលើកនេះ គណបក្សប្រជាជនកម្ពុជាស្ថិតក្នុងស្ថានភាពបែបណា? តើចង់បានអ្វី? ចង់ធ្វើអ្វី? ហើយតួនាទីរបស់សមាជិកគណបក្សទាំងមូលត្រូវធ្វើអ្វី? ជាពិសេសយុវជនត្រូវធ្វើអ្វី? ហើយការឈ្នះរបស់គណបក្សប្រជាជនកម្ពុជាអាស្រ័យលើកត្តាអ្វីខ្លះ?។
ឯកឧត្តមបានមានប្រសាសន៍ថា ការខិតខំដើម្បីឈ្នះឆ្នោតក្រុមប្រឹក្សឃុំសង្កាត់ លើកនេះក៏ដើម្បីឈ្នះការបោះឆ្នោតសកលនៅឆ្នាំ២០២៣ខាងមុខ ក៏ដូចជាការបោះឆ្នោតព្រឹទ្ធសភានិងការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ ជាបន្តបន្ទាប់ផងដែរ ដូច្នេះការបោះឆ្នោតនៅថ្ងៃទី៥ខែមិថុនាខាងមុខនេះពិតជាសំខាន់ណាស់។ ក្នុងន័យនេះយើងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព៕
អត្ថបទ៖ មុត សុទ្ធ

