សហរដ្ឋអាមេរិក៖ រយៈពេលប្រហែល ១ខែបន្ទាប់ពីរុស្ស៊ីបើកការវាយលុកចូលក្នុងប្រទេសអ៊ុយក្រែន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានសាទរទណ្ឌកម្មដ៏ធ្ងន់ធ្ងរមិនធ្លាប់មានរបស់លោកខាងលិចលើទីក្រុង Moscow និងបាននិយាយថា ទណ្ឌកម្មទាំងនោះបានបណ្ដាលឲ្យប្រាក់រូប្លិ៍របស់រុស្ស៊ីធ្លាក់ថ្លៃទាបបំផុត។

រូបិយប័ណ្ណរបស់រុស្ស៊ីបានធ្លាក់ថ្លៃជិតពាក់កណ្ដាល ដែលជាការធ្លាក់ចុះទាបបំផុតនៃប្រាក់រូប្លិ៍ដោយ ១៤៣រូប្លិ៍ស្មើនឹង ១ដុល្លារអាមេរិកកាលពីថ្ងៃទី៧ ខែមីនាកន្លងទៅ។ លោក Iskander Lutsko អ្នកយុទ្ធសាស្ត្រជាន់ខ្ពស់ផ្នែកវិនិយោគនៅក្រុមហ៊ុន ITI Capital ដែលជាឈ្មួញកណ្តាលហិរញ្ញវត្ថុដ៏សំខាន់នៅក្នុងប្រទេសរុស្ស៊ីបាននិយាយថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបលើប្រទេសរុស្ស៊ីស្មើនឹងយកកាំភ្លើងបាញ់ជើងខ្លួនឯង។ ក្រោយការឈ្លានពានចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ បណ្ដាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មលើក្រុង Moscow ដោយដាក់គោលដៅលើហិរញ្ញវត្ថុរបស់ខ្លួន រួមទាំងការបង្កកទ្រព្យសម្បត្តិក្នុងធនាគារកណ្ដាលរបស់ខ្លួន រហូតដល់បិទចរន្តរូបិយប័ណ្ណបម្រុងបរទេស។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដំបូងការភ័យស្លន់ស្លោបានកើតឡើង ស្របពេលដែលសាធារណជនបានព្យាយាមដកប្រាក់ឲ្យបានច្រើនតាមតែអាចធ្វើទៅបានពីធនាគារ ដើម្បីទិញទំនិញនៅពេលដែលតម្លៃទំនិញនាំចូលហក់ឡើង។
តម្លៃទំនិញប្រើប្រាស់បានកើនឡើង ១៧.៥ភាគរយនៅកាលពីខែមេសា។ ប៉ុន្តែនៅខែបន្ទាប់ រូបិយប័ណ្ណរបស់រុស្ស៊ីបានងើបឡើងវិញដល់ ៤០ភាគរយធៀបនឹងប្រាក់ដុល្លារធៀបទៅនឹងកាលពីខែមករា ដោយលោតដល់កម្រិតខ្ពស់ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ និងក្លាយជារូបិយប័ណ្ណដែលដំណើរការល្អបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០២២។ សហភាពអឺរ៉ុបបាននឹងកំពុងពិភាក្សាអំពីការកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី បន្ទាប់ពីមានការជជែកគ្នាអស់រយៈពេលមួយខែ ដោយបានសម្រេចចិត្តកាលពីថ្ងៃចន្ទលើបម្រាមនាំចូលប្រេងពីរុស្ស៊ីឲ្យបាន ៩០% ទៅកាន់សហភាពអឺរ៉ុបនៅចុងឆ្នាំនេះ ជាផ្នែកនៃកញ្ចប់ទណ្ឌកម្មទី៦ របស់ប្លុកនេះ។ សហភាពអឺរ៉ុបបានបញ្ចប់ការសម្រេចចិត្តនេះកាលពីថ្ងៃព្រហស្បតិ៍៕
អត្ថបទ៖ សុខមាន