ឧត្តរមានជ័យ៖ នៅថ្ងៃនេះ គណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ បានដឹកនាំសមាជិកសមាជិកាបក្ស ដង្ហែរក្បួនយ៉ាងច្រើនកុះករ នៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សំរាប់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។
ក្នុងឱកាសបិទយុទ្ធនាការឃោសនានាពេលនោះដែរ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជាបានគ្រប់គ្រងអស់រយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ គឺដោយសារតែមានការជឿទុកចិត្ត និងការគាំទ្រខ្ពស់ពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតដល់ពេលបច្ចុប្បន្ននេះ ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនបានយ៉ាងឆាប់រហ័ស និងមានការអភិវឌ្ឃលើគ្រប់វិស័យ។
ក្នុងឱកាសនោះដែរឯកឧត្តម ប្រធានគណបក្សប្រជាជនខេត្ត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានឆន្ទៈ នឹងមានការជឿជាក់មកលើ គណបក្សប្រជាជនកម្ពុជាដើម្បីយើងទាំងអស់គ្នាបន្តធ្វើការអភិវឌ្ឍនៅតាមមូលដ្ឋានរបស់បងប្អូន នៅអាណត្តិទី៥ថ្មីនេះឲ្យមានការរីកចំរើនបន្តទៅមុខទៀត៕អត្ថបទ៖ ឃិន សារិទ្ធ




