បាល់ទះ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រកាសរៀបចំ ការប្រកួតបាល់ទះបុរសក្នុងសាលដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើកដំបូងដែលនឹងចាប់ផ្ដើមការប្រកយតពីថ្ងៃទី០៨ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនៅទីលានបាល់ទះវិសាខា។
ព្រឹត្តិការណ៍ថ្មីនេះមានបេក្ខភាពចូលរួម ២១ក្រុមមកពីបណ្ដារាជធានី-ខេត្តផ្សេងៗគ្នាដោយបែងចែកជា ៤ពូល។ ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុតាមពូលនីមួយៗ ក្រុមដែលមានពិន្ទុខ្ពស់ជាងគេពោលគឺក្រុមឈរលេខ១ និងលេខ២ នឹងបានឡើងវគ្គ ៨ក្រុមចុងក្រោយដើម្បីបន្ដការប្រកួត និងចម្រាញ់ក្រុមខ្លាំងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក៏ដូចជាវគ្គផ្ដាច់ព្រ័ត្រតែម្ដង។ លោក ទែន ឡន ប្រធានអនុគណៈកម្មការបច្ចេកទេស បានគូសបញ្ជាក់ក្នុងពិធីចាប់ឆ្នោតបែងចែកពូលប្រកួតនៅថ្ងៃទី០២ ខែឧសភានេះថា ការប្រកួតនេះមានក្រុមធំៗចំនួន ៥ មិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតនោះទេ រួមមានក្លិបបាល់ទះក្រសួងមហាផ្ទៃ វិសាខា បញ្ជាការដ្ឋានកងអង្គរក្ស រដ្ឋបាលរាជធានីភ្នំពេញ និងកងពលធំអន្ដរាគមន៍លេខ៣។ លោកបន្តថា តាមផែនការក្រោយចប់ការប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង សហព័ន្ធនឹងរៀបចំពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញម្ដង ហើយក្រុមខ្លាំងទាំង ៥ ដែលមិនបានចូលរួមប្រកួតពានរង្វាន់សម្ដេចក្រឡាហោម ត្រូវឈរចាំក្នុងពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្ដ្រីតែម្ដង។
រីឯក្រុមឈរចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៧ នៃពានសម្តេចក្រឡាហោម ស ខេង នឹងក្លាយជាបេក្ខភាពបន្ថែម ដើម្បីចូលរួមប្រកួតដណ្តើមពានរង្វាន់សម្តេចតេជោតែម្ដង ។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធបានលើកឡើង ជុំវិញកម្មវិធីប្រកួតពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ថា នេះគឺជាបេសកកម្មថ្មីមួយទៀតដើម្បីស្វែងរកឈាមថ្មី ទៅបន្ថែមក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដ្បិតការប្រកួតនេះនឹងរៀបចំលក្ខណៈស្ដង់ដារអន្ដរជាតិ ជាមួយការប្រកួត ៦ស្មើ។ លោកថា ស៊ីហ្គេម ឆ្នាំ២០២៣ កាន់តែខិតជិតមកដល់ហើយ ដូច្នេះតាមរយៈព្រឹត្តិការណ៍នេះលោករំពឹងថា សហព័ន្ធនឹងអាចស្វែងធនធានកីឡាករបន្ដវេនជាបន្ដបន្ទាប់បាន។ ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធលោកបណ្ឌិត អាំង សេរីពិសិដ្ឋ ក៏បានថ្លែងអំណរគុណដល់បណ្ដាក្លិប សមាគម មកពីរាជធានី-ខេត្តទាំងអស់ដែលបានខិតខំរៀបចំក្រុម ដើម្បីចូលរួមប្រកួតពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ហើយសហព័ន្ធបានប្ដេជ្ញានឹងរៀបចំព្រឹត្តិការណ៍នេះឲ្យក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីលើកស្ទួយវិស័យកីឡាបាល់ទះជាតិឲ្យកាន់តែរីកចម្រើន។ ចំពោះប្រាក់រង្វាន់ជយលាភីនៃការប្រកួតនេះវិញ សម្រាប់ក្រុមជើងឯកនឹងទទួលបានថវិកាលើកទឹកចិត្តចំនួន ២០លានរៀល៕
អត្ថបទ៖ លី ឈុនឡា