ឧត្តរមានជ័យ៖ ឯកឧត្តម គន់ គីម សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអំពាវនាវទៅប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍ និងធ្វើឲ្យជីវភាពកាន់តែល្អប្រសើរ។
ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការឃោសនារកសំឡេង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ក្នុងខេត្តឧត្តរមានជ័យ ឯកឧត្តម គន់ គីម បានថ្លែងអំណរគុណដល់សមាជិកសមាជិកា កម្លាំងយុវជន និងសកម្មជនទាំងអស់នៅក្នុងខេត្តឧត្តរមានជ័យ ដែលបានធ្វើសកម្មភាពឃោសនា និងចុះជួបប្រជាពលរដ្ឋដោយផ្ទាល់នៅតាមខ្នងផ្ទះបង្រៀនពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោត ព្រមទាំងបង្ហាញនូវគុណតម្លៃ និងកិច្ចប្រឹងប្រែងកសាងអភិវឌ្ឍន៍ជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ របស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម បន្តថា បើទោះបីខេត្តឧត្តរមានជ័យ ជាទឹកដីទទួលបានសុខសន្តិភាពក្រោយគេ ទឹកដីទទួលបានកិច្ចអភិវឌ្ឍន៍ ក្រោយគេយ៉ាងណាក្តី តែក្រោមគោលនយោបាយប្រែក្លាយទឹកដីអតីតសមរភូមិសង្គ្រាមទៅជាតំបន់អភិវឌ្ឍន៍ និងតំបន់ពាណិជ្ជកម្ម របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យខេត្តនេះ មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ។
ឯកឧត្តម គន់ គីម សង្កត់ធ្ងន់ថា ទឹកដីឧត្តរមានជ័យ មិនខុសពីខេត្តដទៃនៅទូទាំងប្រទេសកម្ពុជានោះឡើយ ទោះបីខេត្តបិទបញ្ចប់ភ្លើងសង្គ្រាមក្រោយគេក្តី ដោយហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ស្ពាន សាលារៀន ការសិក្សាអប់រំ សុខភាពសាធារណៈ ប្រព័ន្ធទឹកស្អាត អគ្គិសនី ការធ្វើកសិកម្មជាដើម បានរីកចម្រើន និងផុសឡើងជាបន្តបន្ទាប់ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។
ជាមួយគ្នានេះ ឯកឧត្តម ប្រធានក្រុមការងារ បានអំពាវនាវប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយបោះជូនគណបក្សប្រជាជនកម្ពុជាមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីផ្តល់ឱកាសឱ្យមេឃុំ/ចៅសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា បានបម្រើប្រជាពលរដ្ឋ កសាងអភិវឌ្ឍន៍ ឃុំ/សង្កាត់ឱ្យកាន់តែរីកចម្រើន និងធ្វើឱ្យជីវភាពកាន់តែល្អប្រសើរ ៕







