ហុកគី៖ ក្រុមកីឡាហុកគីនារីជម្រើសជាតិកម្ពុជា កាលពីថ្ងៃទី០២ ខែមិថុនាម្សិលមិញបានធ្វើដំណើរទៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ដើម្បីធ្វើការប្រកួតជម្រុះកីឡាអាស៊ី Women’s Asian Games Qualifier 2022 ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខជាមួយបេក្ខភាពប្រកួតប្រជែង ៦ប្រទេសផ្សេងទៀត។

លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជាបានឲ្យដឹងថា ប្រទេសដែលចូលរួមប្រកួតជម្រុះកីឡាអាស៊ីលើវិញ្ញាសាកីឡាហុកគីនារីនេះគឺមានកម្ពុជា សិង្ហបុរី កាហ្សាក់ស្ថាន ហុងកុង ស្រីលង្កា អូបេគីស្ថាន និងម្ចាស់ផ្ទះឥណ្ឌូណេស៊ី។ ក្នុងចំណោម ៧ប្រទេសនេះនឹងត្រូវប្រកួតជម្រុះ ៣ក្រុមចេញ ហើយជ្រើសរើសើក្រុមជ័យលាភី ៤ក្រុមឡើងទៅជុំផ្ដាច់ព្រ័ត្រកីឡាអាស៊ីនៅទីក្រុង Hangzhou ប្រទេសចិន។ អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា ការចូលរួមនេះគឺជាកាតព្វកិច្ចរបស់កម្ពុជា ក្នុងនាមជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាហុកគីអាស៊ី ប៉ុន្ដែលោកបានចាត់ការប្រកួតជម្រុះនេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ក្នុងការវាយតម្លៃចំណាត់ថ្នាក់របស់ប្រទេសនានាប្រចាំទ្វីបអាស៊ីក្នុងឆ្នាំ២០២២ ហើយក៏ជាការវាស់ស្ទង់កម្រិតសមត្ថភាព សិទ្ធផលរបស់ក្រុមកីឡាហុកគីនារីកម្ពុជា ក្រោយប្រមូលផ្តុំហ្វឹកហាត់បិទខ្ទប់នៅពហុកីឡដ្ឋានជាតិមរតកតេជោផងដែរ។
ម្យ៉ាងវិញទៀត ការចូលរួមប្រកួតនេះក៏ជាការបង្កើនគុណភាពបច្ចេកទេស របស់ក្រុមកីឡាហុកគីនារីកម្ពុជា សម្រាប់ត្រៀមលក្ខណៈទទួលរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខ។ ទន្ទឹមជាមួយគ្នា សហព័ន្ធក៏កំពុងសិក្សាពីគម្រោងបញ្ជូនក្រុមកីឡាហុកគីកម្ពុជា ទៅហ្វឹកហាត់ក្រៅប្រទេសតាមរយៈកិច្ចសហការជាមួយដៃគូអន្ដរជាតិ ដើម្បីត្រៀមទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាឆ្នាំក្រោយផងដែរ៕
អត្ថបទ៖ លី ឈុនឡា