បាត់ដំបង៖ នាថ្ងៃទី៣ ខែមិថុនានេះ ដែលជាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាច្រើនកុះករ បាននាំគ្នាដង្ហែរក្បួនឃោសនារកសំឡេងឆ្នោត។
ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ ក្រោមការដឹកនាំឯកឧត្តម ស សុខា សមាជិកគណៈកម្មាធិការកណ្ដាលនិងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង បានលើកឡើងថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសប្រទេស មានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមយ៉ាងល្អប្រសើរ បរិយាកាសសង្គមប្រជាធិបតេយ្យ សេរីពហុបក្សដ៏ជាក់ស្ដែងពិតប្រាកដ និងរស់រវើកនៅកម្ពុជា ក្រោមគោលនយោបាយ និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ស្ថានភាពសង្គមដ៏ពិតប្រាកដនេះ កើតមានឡើងអាស្រ័យដោយការខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ដែលបាននឹងកំពុងដឹកនាំគ្រប់គ្រងប្រទេសជាតិ។
ឯកឧត្តម បានសង្កត់ធ្ងន់ថា មានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលមានលទ្ធភាព សមត្ថភាព បទពិសោធន៍ និងភាពចាស់ទុំខាងនយោបាយក្នុងការបន្តដឹកនាំអភិវឌ្ឍន៍ឃុំ-សង្កាត់ និងបន្ត ដឹកនាំអភិវឌ្ឍប្រទេសជាតិឱ្យឆ្ពោះទៅកាន់ភាពសម្បូរសប្បាយរុងរឿងដ៏ពិតប្រាកដ ស្របតាមបំណង ប្រាថ្នារបស់ប្រជាជនកម្ពុជាគ្រប់រូប។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាបន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ការឯកភាពជាតិ និងឯកភាពទឹកដី ដែលជាសមិទ្ធផលប្រវត្តិសាស្រ្តជូនជាតិ មាតុភូមិ កើតចេញពី ស្នាដៃខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់ឥតប្រួលប្រែ នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់ កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលីកម្មឥតរុញរា ដើម្បីប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
សម្រាប់ខេត្តបាត់ដំបង មានគណបក្សនយោបាយចំនួន១០ បានចុះឈ្មោះប្រកួតប្រជែងក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នេះ។ ការិយាល័យបោះឆ្នោត មានចំនួន ១៦៨៥ លើ១០៣ឃុំ-សង្កាត់។ ប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ មានចំនួនជាង ៦៣ម៉ឺននាក់៕ អត្ថបទ៖ នឿត សុភក្ត្រ






