អាមេរិក៖ មន្ត្រីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយប្រាប់ CNN ថា យោងតាមការវាយតម្លៃចារកិច្ចកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិក ២គ្រាប់នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាការផ្គើននឹងទីក្រុងវ៉ាស៊ីងតោន។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់នោះទេថា តើវាជាប្រភេទមីស៊ីលរយៈចម្ងាយជិត មធ្យម ឬរយៈចម្ងាយឆ្ងាយ ដូចជាមីស៊ីលបាលីស្ទិកអន្តរទ្វីប ICBM នោះទេ។
ក្រុមចារកិច្ច និងយោធាសហរដ្ឋអាមេរិក កំពុងវិភាគទិន្នន័យពីការបាញ់សាកល្បង ដើម្បីកំណត់ថា តើវាជាប្រភេទមីស៊ីលអ្វី និងហោះបានចម្ងាយប៉ុន្មានគីឡូម៉ែត្រ។ គួរឲ្យដឹងថា មីស៊ីលរយៈចម្ងាយជិតអាចហោះបានចម្ងាយតិចជាង ១ពាន់គីឡូម៉ែត្រ ខណៈដែលមីស៊ីលរយៈចម្ងាយមធ្យម អាចហោះបានចម្ងាយចន្លោះពី ១ពាន់គីឡូម៉ែត្រទៅ ៣ពាន់គីឡូម៉ែត្រ។ សហរដ្ឋអាមេរិកតាមដានការបាញ់សាកល្បងអាវុធ របស់កូរ៉េខាងជើងតាមរយៈរ៉ាដា និងផ្កាយរណប ដែលអាចចាប់ជាប់សញ្ញាកម្ដៅមីស៊ីល ពេលបាញ់ចេញភ្លាមៗ។
នៅព្រឹកថ្ងៃនេះផងដែរ នាយសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា កូរ៉េខាងជើងបានបាញ់មីស៊ីលគ្មានអត្តសញ្ញាណ ចូលទៅក្នុងសមុទ្រចន្លោះតំបន់ឧបទ្វីបកូរ៉េ និងប្រទេសជប៉ុន។ យោងតាមសេចក្ដីរាយការណ៍ ពីក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា មីស៊ីលនេះទំនងជាបានធ្លាក់នៅក្រៅដែនដីជប៉ុន និងតំបន់សេដ្ឋកិច្ចពិសេស។ ក្រុមឆ្មាំសមុទ្រជប៉ុនបានក្រើនរំឭកនាវា ពីការឃ្លាំមើលបំណែកធ្លាក់របស់មីស៊ីល។ កាលពីសប្ដាហ៍មុន កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល ២គ្រាប់ផងដែរ ដែលជាការបាញ់សាកល្បងជាលើកដំបូង ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ឡើងកាន់តំណែង៕
អត្ថបទ៖ សារ៉ាត់